ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងគំរាមលុបចោលកិច្ចប្រជុំកំពូលជាមួយអាមេរិកដោយសារតែការធ្វើសមយុទ្ធ

ចែករំលែក៖

កូរ៉េខាងជើងកាលពីថ្ងៃពុធបានលុបចោលកិច្ចចរចាជាន់ខ្ពស់មួយជាមួយកូរ៉េខាងត្បូង និងគំរាមកំហែងលុបចោលកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ នៅខែក្រោយ រវាងលោកប្រធានាធិបតី Donald Trump នឹងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដោយសារការធ្វើសមយុទ្ធយោធារបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ។ ទីក្រុងព្យុងយ៉ាងមើលឃើញថាជា ការសមយុទ្ធកម្លាំងទាំងនេះជាសកម្មភាពហាត់សមឈ្លានពានកូរ៉េខាងជើង ។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) ចេញផ្សាយប៉ុន្មានម៉ោង មុនពេលកូរ៉េទាំងពីរបានជួបគ្នានៅឯភូមិមួយតាមព្រំដែន ដើម្បីពិភាក្សាពីរបៀបអនុវត្តកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ របស់មេដឹកនាំពួកគេ ក្នុងសកម្មភាពកាត់បន្ថយភាពតានតឹងផ្នែកយោធានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ក៏ដូចបង្កើនចំណងទាក់ទងរួមគ្នាផងដែរ។

សមយុទ្ធឈ្មោះថា Max Thunder (ផ្គរលាន់គគ្រឹក) រយៈពេល២ សប្តាហ៍ ចាប់ផ្តើមពីថ្ងៃចន្ទ មានយន្តហោះចម្បាំងចូលរួមប្រមាណ 100គ្រឿង​ ជា “ចេតនាបង្ករឿងដោយកម្លាំងយោធា” និង ជា”ការសាកល្បងជាក់ស្តែង” ប៉ះពាល់ដល់កិច្ចប្រជុំកំពូលកាលពីខែមេសាកន្លងទៅនេះរវាង លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ។ នេះបើតាមកាសែត KCNA ។

កាសែត KCNA បានផ្សាយទៀតថា យន្តហោះចម្បាំងអាមេរិកដែលចល័តចូលរួមសមយុទ្ធ រួមមានយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះចម្បាំងបំបាំងកាយ F-22 ។ យន្តហោះទាំងនេះកាលពីមុនបានគំរាមកំហែងវាយប្រហារគ្រាប់បែកបរមាណូទៅលើប្រទេសកូរ៉េខាងជើង។

នៅថ្ងៃពុធ ទី១៦ ខែឧសភា កូរ៉េខាងជើងសង្កត់ធ្ងន់ថា “អាមេរិកត្រូវតែប្រុងប្រយ័ត្នទៅលើជោគវាសនានៃជំនួបកំពូលកូរ៉េខាងជើង – អាម៉េរិក ស្របពេលសកម្មភាពបង្កគ្រឿងរបស់យោធាអាមេរិកជាមួយកូរ៉េខាងត្បូង ។ យើងនឹងឃ្លាំមើលយ៉ាងដិតដល់របៀបដែលអាមេរិក និងកូរ៉េខាងត្បូងកំពុងតែធ្វើនាពេលនេះ ៕


ចែករំលែក៖