ភ្នំពេញ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ កំពុងតែរៀបចំបើកលេងល្បែងខ្លាឃ្លោក ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជិះល្បាតតាមភូមិសាស្ត្រប្រទះឃើញ នៅចំណុចក្រោយវត្តចាក់អង្រែក្រោម បានឃាត់ខ្លួនស្ត្រីរូបនេះ និងដកហូតសម្ភារល្បែងខ្លាឃ្លោកមួយចំនួនផងដែរ ។
ករណីឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំខាងក្រោយវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមខាងលើនេះគឺ កម្លាំងល្បាតបានជិះការពារសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញស្រ្តីសង្ស័យ កំពុងតែរៀបចំកន្លែងបើកលេងល្បែងខ្លាឃ្លោក ឃើញដូចនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួន និងដកហូតវត្ថុងតាងជាក់ស្តែងផងដែរ ។
បច្ចុប្បន្នស្ត្រីជនជាតិវៀតណាមខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការណែនាំអប់រំ រួចបានដោះលែងឲ្យត្រលប់ទៅផ្ទះវិញ ៕ស តារា