ព័ត៌មានទាន់ហេតុការណ៍៖

Miss Global International ប្រគល់វិញ្ញាបនបត្រដល់អ្នកជំនាញសម្អាងកាយកម្ពុជាជាង៣០

ចែករំលែក៖

ភ្នំពេញ៖ អ្នកជំនាញសម្អាងកាយផ្នែកធ្វើសក់ផាត់មុខរបស់កម្ពុជាចំនួន៣២នាក់ទទួលបានវិញ្ញាបនបត្រពីកម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិ ។ ការប្រគល់នេះធ្វើឡើងក្រោយពីព្រឹត្តិការណ៍ប្រកួត Miss Global International 2017 ត្រូវបានរៀបចំធ្វើជាលើកដំបូងនៅកម្ពុជាក្នុងអំឡុងខែវិច្ឆកា ឆ្នាំ២០១៧ កន្លងទៅ ។

ការប្រគល់វិញ្ញាបនបត្រនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នៅ Jet’s Container ក្រោមវត្តមានអ្នកផលិតកម្មវិធីបវរកញ្ញា Miss Global Cambodia 2017 និងភ្ញៀវកិត្តិយសជាច្រើន ។ កម្មវិធីប្រគល់វិញ្ញាបនបត្រនេះ ត្រូវបានធ្វើឡើងមុនប៉ុន្មានម៉ោងនៃការចេញដំណើរទៅសហរដ្ឋអាមេរិកវិញ របស់បវរកញ្ញាតំណាងកម្ពុជាMiss Global Cambodia ប្រចាំឆ្នាំ២០១៧កញ្ញាយសប៉ូលីណាផងដែរ ។

លោកRemy Hou អនុប្រធានផលិតកម្មវិធីMiss Global Cambodia2018បាន ការកោតសរសើរពីជំនាញផាត់មុខធ្វើសក់របស់អ្នកជំនាញសម្អាងកាយវ័យក្មេងរបស់កម្ពុជាទាំង៣២រូបដែលបានចូលរួមជួយផាត់មុខធ្វើសក់លើកសម្រស់បវរកញ្ញាមកពីជុំវិញពីភពលោកទាំង៦០ប្រទេស ។ លោកបញ្ជាក់ដែរថាក្រៅពីជាអ្នកជំនាញដែលមានបទពិសោធន៍និងភាពប៉ិនប្រសប់ពួកគេក៏ឆ្លងកាត់ការលំបាកនិងជួយជ្រោជ្រែងឲ្យកម្មវិធីនេះកាន់តែល្អប្រសើរទើបអ្នកផលិតកម្មវិធីផ្តល់វិញ្ញាបនបត្រតបស្នងដល់ពួកគាត់ ។

លោកបញ្ជាក់ដែរថា កម្មវិធីប្រឡងបវរកញ្ញាMiss Global Cambodia 2018នឹងធ្វើឡើងនៅក្នុងអំឡុងខែតុលាឬកញ្ញាឆ្នាំ២០១៨នេះដែលតាមការគ្រោងទុកអ្នកផលិតកម្មវិធីនឹងជ្រើសរើសបេក្ខភាពកូនខ្មែរក្នុងស្រុក១៥នាក់និងកូនខ្មែរកំពុងរស់នៅក្រៅស្រុកចំនួន១៥នាក់ដើម្បីចូលរួមប្រកួតប្រជែងស្វែងរកបវរកញ្ញាMiss Global Cambodia ប្រចាំឆ្នាំ២០១៨ ។ លោកថាព្រឹត្តិការណ៍នេះក៏នឹងបើកឱកាសសម្រាប់អ្នកជំនាញផាត់មុខធ្វើសក់ចាប់ពី១៥នាក់ទៅ៣០នាក់បន្តទៀតដែលវាក៏នឹងក្លាយជាកម្មវិធីផ្តល់ឱកាសសម្រាប់អ្នកជំនាញនៅកម្ពុជាបញ្ចេញស្នាដៃរបស់ពួកគេបន្តទៀត៕ វឌ្ឍនា


ចែករំលែក៖