ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានជើងទឹកអាមេរិកចាប់ផ្តើមយុទ្ធនាការវាយប្រហារទៅលើគោលដៅ IS នៅស៊ីរី

ចែករំលែក៖

កាលពីថ្ងៃទី៤ ខែឧសភា ក្រុមនាវាចម្បាំង វាយលុក ដឹកនាំដោយនាវាផ្ទុកយន្តហោះ Harry Truman បានចាប់ផ្តើមវាយប្រហារតាមដែនអាកាស ចេញពីតំបន់ភាគខាងកើតដែនសមុទ្រមេឌីទែរ៉ាណេ ទៅលើទីតាំងរបស់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី។

តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកអាមេរិកបានបញ្ជាក់ថា យន្តហោះចម្បាំងនៅលើនាវាផ្ទុកយន្តហោះ បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមភេរវកម្ម។ នាវាផ្ទុកយន្តហោះ ខាងលើបានចាកចេញពីទីតាំង Norfolk ទៅកាន់ដែនសមុទ្រ មេឌីទែរ៉ាណេ កាលពីថ្ងៃទី១៩ ខែមេសា គឺក្រោយ១សប្តាហ៍ដែល អាមេរិក បារាំងបានបើកការវាយប្រហារតាមដែនអាកាសដោយមីស៊ីលទៅលើទីតាំងរបស់ក្រុមទាហានស៊ីរី ដើម្បីជាការសងសឹកទៅនឹងការប្រើប្រាស់អាវុធគីមី កាលពីថ្ងៃទី៧ ខែមេសា នៅតំបន់ Doumaជាយក្រុងដាម៉ាកាស។

ការវាយប្រហាររបស់អាមេរិកទៅលើទីតាំង នៅក្នុងប្រទេសស៊ីរី នឹងធ្វើឲ្យស្ថានភាព នៅក្នុងប្រទេសនេះកាន់តែអាក្រក់ទៅ។ កន្លងមក រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់ប្រទេសលោកខាងលិចថា មានបំណងឈ្លានពានទឹកដីស៊ីរី ដោយបញ្ជូនកម្លាំងទាហានជាច្រើនមកឈរជើងនៅទីនេះ ដោយមិនព្រមដកចេញឡើយ។

កន្លងមកថ្មីៗប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានស្នើដល់អាមេរិកមិនត្រូវដកទ័ពចេញពីទឹកដីស៊ីរីនោះឡើយបើទោះបីសង្គ្រាមភេរវកម្មបានបញ្ចប់ទៅហើយក្តី។ លោក ម៉ាក្រុង បញ្ជាក់ថា ការរក្សាវត្តមានទាហាននៅទីនោះ គឺដើម្បីជួយរក្សាសន្តិភាព និងអភិវឌ្ឍក្រោយសង្គ្រាម៕ ម៉ែវ សាធី


ចែករំលែក៖