ក្រុមមន្ត្រីជួយសង្គ្រោះបាននិយាយថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់កាលពីថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីហេតុការណ៍បាក់រលំស្ពានអាកាសសង្កត់លើរថយន្តដឹកអ្នកដំណើរ ក៏ដូចការធ្វើដំណើរតាមមធ្យោបាយដទៃទៀតនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ។
ក្រុមជួយសង្គ្រោះបានសម្រុកទៅកាន់ទីក្រុង Varanasi ដែលមានហេតុការណ៍បាក់ស្ពានអាកាសនេះ ហើយមិនដឹងថា តើមានជនរងគ្រោះប៉ុន្មាននៅសង្កត់ពីក្រោមគំនរបាក់បែកនៃថ្មបេតុងស្ពានអាកាសនោះទេ ។ នេះជាហេតុការណ៍ថ្នាក់ថ្មីបំផុតបណ្តាលឲ្យស្លាប់មនុស្សនៅប្រទេសនេះ ។
មន្ត្រីគ្រប់គ្រងមហន្តរាយឥណ្ឌាបានប្រាប់AFPថា រហូតមកដល់ពេលនេះក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះ១៨នាក់ ។ សកម្មភាពជួយសង្គ្រោះនៅបន្តធ្វើឡើង ។
សាក្សីនិយាយថា ផ្នែកខ្លះនៃស្ពានអាកាសដែលកំពុងស្ថាបនាបានបាក់រលំមកលើផ្លូវ សង្កាត់រថយន្តទាំងឡាយដែលកំពុងចរាចរណ៍ ។ ភ្លាមៗនោះគេឃើញឡានយ៉ាងតិច៤គ្រឿងត្រូវស៊ីម៉ង់ត៍សង្កត់ពីលើ ។
ការអនុវត្តតាមច្បាប់ទម្លាប់ដើម្បីសុវត្ថិភាពសាងសង់នៅក្នុងប្រទេសឥណ្ឌាភាគច្រើនមានការរំលោភបំពាន ។ សម្ភារប្រើប្រាស់ដើម្បីសាងសង់ជាញឹកញាប់ត្រូវរកឃើញថា ពុំមានគ្រប់លក្ខណៈស្តង់ដា ។
ឆ្នាំ២០១៦ មនុស្សយ៉ាងតិច២៦នាក់បានស្លាប់នៅភាគខាងកើតទីក្រុង Kolkata ក្រោយសំណង់ស្ពានអាកាសប្រវែង១០០ម៉ែត្របាក់ធ្លាក់មកលើផ្លូវ ៕ ថាច់ យ៉ាត