ខេត្តព្រៃវែង ៖ សមត្ថកិច្ចនគរបាល ស្រុកកញ្ជ្រៀចបានចាប់ខ្លួនបរសម្នាក់ដែលត្រូវជាពូថ្លៃក្មេងស្រីរងគ្រោះបន្ទាប់ពិបុរសនេះចាប់រំលោភសេពសន្ថវៈនាងតាំងពីវ័យ១៣ឆ្នាំ រហូតដល់១៦ឆ្នាំ ទើបធ្លាយរឿងដឹងដល់ឪពុកម្តាយក្មេងស្រីប្តឹងឲ្យចាប់ខ្លួនតែម្តង ។
រឿងរ៉ាវនេះត្រូវបានបែកធ្លាយនៅ ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បន្ទាប់ពីក្មេងស្រីរងគ្រោះចេះតែមានការភ័យខ្លាចចំពោះពាក្យគំរាមរបស់ពូថ្លៃ ថាខ្លាចមានរឿងធំកើតឡើង បើសិនជានាងប្រាប់គេនោះ។
មន្ត្រីនគរបាលស្រុកកញ្ជ្រៀច បានឱ្យដឹងថាបន្ទាប់ពីសមត្ថកិច្ចទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោះ ខន ដា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ ប្តឹងចោទឈ្មោះ វ៉េង វិណៃ ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាប្អូនថ្លៃ រស់នៅផ្ទះក្បែរគ្នា និងភូមិ ឃុំជាមួយគ្នាថា បានប្រព្រឹត្តអំពើចាប់រំលោភកូនស្រីខ្លួនឈ្មោះ ដ.ណ.រ ភេទស្រី អាយុ១៦ឆ្នាំ ជាច្រើនលើកច្រើនសានោះ សមត្ថកិច្ចបានមកឃាត់ខ្លួនជនសង្ស័យដល់ផ្ទះតែម្តង។
ប្រភពពីឪពុកម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា សព្វថ្ងៃគាត់ ចេះតែសង្កេតឃើញកូនស្រីចេះតែមានសុខភាពមិនសូវល្អ មានកាយស្គមស្លេកស្លាំង និងមិនសូវហូបបាយទឹកទេ។ពេលគាត់ក៏សួរនាំកូនស្រីថា នាងបានកុហកថា មិនមានជំងឺអ្វីនោះទេ ក៏ចេះតែហីហីទៅ។ លុះមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា៦ល្ងាចពេលងងឹត គាត់បានឃើញជនសង្ស័យ នៅជាមួយកូនស្រីមុខបន្ទប់ទឹកក្រោយផ្ទះស្ងាត់ៗតែពីរនាក់ ក៏ដើរទៅមើលតែពេលនោះគ្រាន់តែឃើញគាត់ភ្លាម ជនសង្ស័យបានរត់គេចចេញទៅបាត់ នៅសល់តែកូនស្រីកំពុងលើកខោស្លៀកវិញ។ដោយ ឃើញបែបនោះគាត់កើតការសង្ស័យក៏សួរនាំកូន តែកូនពុំប្រាប់ទៀត។
បុរសជាឪពុកបន្តថា នៅថ្ងៃបន្ទាប់ ដោយមិនអស់ចិត្តគាត់ និង ប្រពន្ធបានបន្តលួងលោមសួរនាំកូនស្រីរហូតទើបកូនប្រាប់ការពិតថា រូបខ្លួនត្រូវពូឈ្មោះ វិណៃ នេះចាប់រំលោភជាច្រើនលើកច្រើនសាមកហើយ គឺតាំងពីនាងមានអាយុ១៣ឆ្នាំម្ល៉េះ។ នាងថា ពូថ្លៃនោះតែងតែចាប់រំលោភនាងក្នុងពេលពុកម៉ែមិននៅ ឬពេលស្ងាត់គ្មានអ្នកណានៅផ្ទះ តែនាងមិនដែលហ៊ានប្រាប់គេទេ ព្រោះពូគំរាមថានឹងមានរឿងធំបើសិនជាប្រាប់គេឲ្យដឹងរឿងនេះ ម៉្លោះហើយនាងចេះតែទ្រាំទៅ។ ចំពោះរឿងកើតឡើងនៅថ្ងៃទី១២នោះវិញគឺពុំទាន់បានរំលោភទេ គឺគ្រាន់តែអោបថើប នឹងសម្រាតខោនាងបម្រុងរំលោភសាជាថ្មីម្តងទៀតតែចៃដន្យឪពុកទាន់ ពូថ្លៃក៏រត់បាត់ទៅ ។
យ៉ាងណាសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាធ្លាប់បានចាប់រំលោភក្មួយស្រីរូបនេះយូរមកហើយប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការវិនិច្ឆ័យទោសតាមច្បាប់ ៕ សហការី