ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អតីតអនុប្រធានក្រុមហ៊ុនG.E

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក John G Rice អតីតអនុប្រធានក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិក បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនោះ លោក John G Rice បានគោរពជំរាបជូនសម្តេចតេជោថា កន្លងមក លោកបាន​ធ្វើ​កិច្ច​ការជាច្រើនពាក់ព័ន្ធ នឹងវិស័យថាមពលនៅកម្ពុជា ហើយក្រៅពីនោះលោកក៏បា​នធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូចជា​ការ​ផ្តល់សំភារៈ បរិក្ខាពេទ្យដល់មន្ទីរពេទ្យកាល់ម៉ែត្រ និងធ្វើការងារជាច្រើនទៀតខាងវិស័យអប់រំជួយ​ដល់កុមារតូចនៅកម្ពុជាជាដើម។ លោកបានសំដែងនូវក្តីរីករាយ ដែលបានមកជួបជាមួយសម្តេច និងបានធ្វើជាទីប្រឹក្សា​រាជ​រដ្ឋា​ភិបាលកម្ពុជា កាលពីដើមឆ្នាំ២០១៨ ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។​

សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះបំណងដ៏ល្អ របស់លោក លោក John G Rice ដែលបានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចធនធានមនុស្ស ដូចជាការបញ្ជូនមន្ត្រីខាងវិស័យវេជ្ជសាស្ត្រ ពីកម្ពុជា ទៅសហរដ្ឋអាមេរិក និងបញ្ជូនអ្នកជំនាញពីសហរដ្ឋអាមេរិក មកបណ្តុះបណ្តាលនៅកម្ពុជា។​ សម្តេចបានមានប្រសាសន៍ថា មិនត្រឹមតែមន្ទីរពេទ្យកាល់ម៉ែត្រនោះទេ ដែលត្រូវការ​បច្ចេក​វិទ្យា​ទំនើប, មន្ទីរ​ពេទ្យផ្សេងៗទៀតក៏ត្រូវការ បច្ចេកវិទ្យានេះដែរ។

លោក John G Rice បានសន្យាថា នឹងមកកាន់ប្រទេសកម្ពុជា ជាញឹកញាប់ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវគំនិតអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា លើគ្រប់វិស័យទាំងអស់ ។ សម្តេចក៏បានណែនាំឱ្យលោក John G Rice ធ្វើ​ការងារជាមួយប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានឯកឧត្តម បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ​ និងមានសមាជិក​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ជាច្រើនទៀតដូចជា​ ឯកឧត្តម ស៊ុន ចាន់ថុល ដែលធ្លាប់មានទំនាក់ទំនងជាមួយលោកកន្លងមក ។

​​សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់លោក John G Rice ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ ជាមួយយុវជន ពីព្រោះបច្ចុប្បន្ន យុវជន មានសមត្ថភាពច្រើន ជាពិសេស​លើភាព​ជាសហគ្រិនវ័យក្មេង ដូច្នេះ សម្តេចសូមឱ្យលោកជួយជំរុញ ឱ្យមានជាការរៀបចំ សិក្ខាសាលា ឬក៏ជាការជួបជុំតុមូល ជាមួយក្រុមយុវជនវ័យក្មេងទាំងអស់នោះ ដែលមានជាការផ្លាស់ប្តូរ នូវសំណួរ ចម្លើយ ដើម្បីឱ្យពួកគាត់ មានគំនិត កាន់​តែទូលំទូលាយ ជ្រៅជ្រះ ក្នុងការដឹកនាំក្រុមហ៊ុន ឬការអភិវឌ្ឍផ្សេងៗ នៅក្នុងប្រទេសកម្ពុជា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖