ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ១ខ្នងទាំងស្រុង រថយន្ត២គ្រឿង ម៉ូតូ១គ្រឿង សម្ភារ និងប្រាក់ចំនួន៤០លានរៀល ។
ករណីនេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
លោកវរសេនីយ៍ទោ ឡុង យោធាវិរះ អធិការនគរបាលស្រុកឯកភ្នំ បានអោយដឹងថា ផ្ទះដែលត្រូវភ្លើងឆេះខាងលើ មានទំហំ៣៥ម៉ែត្រx៦,៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីមានម្ចាស់ឈ្មោះ ណូ សុះ អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ា ស៊ីរ៉ស់ អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរឥវ៉ាន់ចាប់ហួយ រស់នៅចំណុចខាងលើ។
ក្នុងការឆាបឆេះនេះដែរ បានខូចខាតរថយន្តចំនួន២គ្រឿង ម៉ូតូចំនួន១គ្រឿង ប្រាក់ខ្មែរចំនួន ៨លានរៀល និងឥវ៉ាន់លក់ដូរមួយចំនួនទៀត សរុបជាទឹកប្រាក់ទាំងអស់ប្រហែល៤០លានរៀល។
តាមការបញ្ជាក់ពីខាងម្ចាស់ផ្ទះ បានប្រាប់ថា មុនពេលកើតហេតុរូបគាត់បានមានការធ្វេសប្រហែសដោយដាំបាយនៅក្បែរធុងសាំង ទើបបណ្តាលអោយអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។ ភ្លាមៗនោះ ក៏មានអ្នកស្រុក បាននាំគ្នារត់ចេញមកជួយអន្តរាគមន៍បូមទឹកចេញពីស្ទឹង និងអូរខាងមុខបាញ់ពន្លត់ដែរ តែដោយសារអណ្តាតភ្លើងឆ្លាំងពេកមិនអាចចូលជួយពន្លត់ទាន់ពេល៕ សំ វិច្ឆិកា