ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត២គ្រឿង បុកគៀរគ្នាពេគទំហឹង កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ម៉ាកនីសាន់ (ចង្កូតស្តាំ) ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ-០២០៥ ដឹកខ្សាច់ពេញ បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏ជ្រុលទៅគៀរនឹងរថយន្ត១គ្រឿងទៀត ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង២C-៦៨៧៨ ប្រភេទទេសចរណ៍ ក្រឡាប់ធ្លាក់ផ្លូវបះជើង បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។
ជនរងគ្រោះដែលស្លាប់នោះ ឈ្មោះ ហេង សុខអេង ភេទប្រុស អាយុ២៩ឆ្នាំ (បើកបរ) និងអ្នករួមដំណើររបួសស្រាល ឈ្មោះ ឈឿន វិសែល ភេទប្រុស អាយុ១៩ឆ្នាំ, ទាំង២នាក់រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅវាស់វែងរួច បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តទាំង២គ្រឿង បានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រងចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា