ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងសត្វឆ្កែ ទាស់សម្តីគ្នារហូតផ្ទុះហិង្សា ម្នាក់រងបួសធ្ងន់ដេកពេទ្យ ម្នាក់រត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់រងរបួសបែកក្បាល រហូតឈាមប្រឡាក់ពេញខ្លួនទាំងព្រឹក ខណៈមានទំនាស់ពាក្យសម្តីគ្នាជាមួយអ្នកជិតខាង រហូតឈានទៅដល់ផ្ទុះហិង្សាដាក់គ្នា ក្រោយកើតហេតុបុរសបង្កហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីពិភពថ្មីឈូកមាស ផ្លូវE ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសិទ្ធ សុគន្ធ ហៅ ពន្លកអាយុ៥៣ឆ្នាំ មុខរបរកងទ័ពអាកាស ស្នាក់ផ្ទះលេខ១០៣ ផ្លូវE ក្នុងបុរីពិភពថ្មីឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ចំណែកអ្នកបង្កមិនត្រូវបានស្គាល់ឈ្មោះស្នាក់នៅផ្ទះទល់មុខគ្នាជាមួយជនរងគ្រោះ ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់នៅកន្លែងកើតហេតុទាំងឈាមប្រឡាក់ពេញខ្លួនថា តាមពិតគាត់និងជនបង្កមិនដែលមានទំនាស់អ្វីឡើយហើយក៍មិនដឹងថាជនបង្កគុំគួនគាត់រឿងអីនោះទេ ។ បុរសរងគ្រោះបានប្រាប់ទៀតថាកន្លងមកជនបង្កឲ្យតែឃើញគាត់តែងតែធ្វើជាសំឡេងឆ្កែមកព្រូសដាក់គាត់ ហើយគាត់តែងតែឌឺដងទៅវិញដោយធ្វើជាសំឡេងដេញឆ្កែៗវិញ ។

លុះដល់ព្រឹកកើតហេតុពេលដែលគាត់នៅក្នុងផ្ទះស្រាប់តែឮសំឡេងបុរសខាងលើមកធ្វើជាឆ្កែព្រូសនៅមុខផ្ទះគាត់ក៍ស្រែកដេញពីក្នុងផ្ទះហើយក៍ស្ងាត់វិញពេលនោះគាត់បានបើកទ្វាផ្ទះចេញមកមើលក៍ត្រូវបុរសបង្កកាន់សោរចាក់ចង្កូតរថយន្តប្រវែងប្រហែលកន្លះម៉ែត្រមកវាយក្បាលគាត់បណ្តាលឲ្យបែកក្បាលហូរឈាមតែម្តង ។ ចំណែកឯជនដៃដល់បានរត់ចូលផ្ទះវិញរួចគេចខ្លួនបាត់ ។

បច្ចុប្បន្នជនរងគ្រោះរបួសកំពុងសំរាកព្យាបាលនៅក្នុងក្លីនិកឯកជននៅក្បែរកន្លែងកើតហេតុដោយរងចាំងស្រួលបួលទើបទៅដាក់ពាក្យបណ្តឹងតាមក្រោយ ៕ តុង សីហា


ចែករំលែក៖