ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបុរស៣ម្នាក់ ញៀននិងល្បែងជល់មាន់

ចែករំលែក៖

ភ្នំពេញ៖ បុរស៣នាក់ ដែលជាអ្នកញៀននិងល្បែងស៊ីសងប្រភេទជល់មាន់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ចុះទៅបង្ក្រាបជាក់ស្តែង ជាលិទ្ធផលដកហូតម៉ូតូបានចំនួន២គ្រឿងមាន់មួយក្បាលទ្រុងមួយជញ្ជីងថ្លឹងមួយនិងសម្ភារះមួយចំនួន ។

ករណីបង្រ្កាបទីតាំងជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីម៉ោង១៤និង៣០នាទីរសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹង​ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នៅចំណុចផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៣នេះ ;ទី១ឈ្មោះ ហុក ឆាយ ភេទប្រុស អាយុ៤៣ ឆ្នាំមុខរបរជាងរថយន្ត ស្នាក់នៅផ្ទះលេខ១២អា ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ទី២ឈ្មោះលាភ ហៀប ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ទី៣ឈ្មោះឈួន នឿ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

លោកអធិការបន្តទៀតថា មុនឈានទៅឃាត់ខ្លួនក្រុមខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខាងលើ ទើបលោកដឹកនាំកំម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបដោយមានអ្នកលេងជាច្រើនប៉ុន្តែសមត្ថកិច្ចដេញចាប់បានតែ៣នាក់ខាងលើ ព្រមទាំងដកហូតបាន ប្រាក់រៀលចំនួន១៩០.០០០រៀល(ដប់ប្រាំបួនម៊ឺនរៀល) ម៉ូតូបានចំនួន២គ្រឿង; មាន់មួយក្បាល ; ទ្រុងមួយ ;ជញ្ជីងថ្លឹងមួយនិងសម្ភារះមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់ ៕តុង សីហា


ចែករំលែក៖