ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនក្រុមចោរ៣នាក់ជំនាញខាងលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាច់កម៉ូតូ បាន១ថ្ងៃក្រោយមក ត្រូវជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងឲ្យ សមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់តែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង ៣០ នាទីរសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹង​ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

យោងតាមសម្តីលោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ទី១ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ ចោរ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ទី២ឈ្មោះ ធឿន សុខហេង ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ និងទី៣ឈ្មោះ អ៊ឹម ថន ហៅ ពៅ ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ចំណែកជនរងគ្រោះមានឈ្មោះ ម៉ង សាម៉ុច ភេទប្រុស អាយុ២២ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

លោកនាយប៉ុស្តិ៍ បានបន្ដទៀតថា កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៨ជនរង គ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV-0589 ពីផ្ទះជួលភូមិត្រពាំងថ្លឹង ទៅលេងផ្ទះបងប្អូនជីដូនមួយនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ លុះមកដល់ផ្ទះបងប្អូនជនរងគ្រោះក៏ទុកម៉ូតូនៅមុខបន្ទប់ហើយបាននាំគ្នាចូលក្នុងបន្ទប់បាត់អស់ ស្រាប់តែមួយស្ទុះក្រោយមកក៏ចេញមកមើលម៉ូតូក៏ឃើញជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនបានសម្រេចយកទៅលក់ឲ្យទៅបុរសម្នាក់មិនស្គាល់ឈ្មោះនៅជិតផ្សារអង្គតាសោម ខេត្ដតាកែវ ក្នុងតម្លៃ៣៥០ដុល្លារ រួចនាំគ្នាចែកលុយយកទៅទិញថ្នាំញៀនជក់អស់ ។ រហូតដល់ថ្ងៃទី១៦ ខែឧសភា ខាងលើ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្ទុះជួល ភូមិដំណាក់ធំ២ ខណ្ឌមានជ័យ យកទៅធ្វើការសាកសួរតែម្ដង ។

ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួររួច ក៏បានបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ ទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិធី ៕ស តារា


ចែករំលែក៖