ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាចោរជំនាញខាងលួចស្លាកលេខរថយន្តប្រជាពលរដ្ឋដែលចតទុកនៅតាមផ្លូវក្នុងខណ្ឌ៧មករាយ៉ាងសកម្មនោះ ឥឡូវត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជាក់ស្តែង ។
ករណីឃាត់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច មុខផ្ទះសំណាក់ធូដេ ទីតាំងលេខ ១៤៥អឺ០ ផ្លូវ១៣៤ ភូមិ ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ សឹង គឹមពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ទីលំនៅផ្ទះអត់លេខ ផ្លូវកោកតំបន់ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ (ធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ហូ ស៊ីប៊ុន ភេទ ប្រុស អាយុ ៦៤ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅផ្ទះលេខ ៦អាអឺ០ ផ្លូវ ១៣៤ ភូមិ ១២ ខណ្ឌ ៧ មករា។ សម្ភារៈបាត់បង់ ៖ ស្លាកលេខរថយន្ត 2AI-9593 (មុខនឹងក្រោយ) ។
ប្រភពដដែរបន្តទៀតថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ម៉ោងប្រហែល២៤នឹង០៥នាទី ជនរងគ្រោះបានជិះរថយន្ត ម៉ាក TOYOTA AVAZA ពាក់ស្លាកលេខ ភ្នំពេញ 2AI-9563 មកឈប់នៅមុខផ្ទះ ហើយបានចតទុកនៅទីនោះ រួចចូលទៅសម្រាកនៅក្នុងផ្ទះលុះព្រឹកឡើងជនរងគ្រោះបានក្រោកពីដេក មកមើលរថយន្ត ស្រាប់តែបាត់ស្លាកលេខរថយន្ត ( មុខ+ក្រោយ ) ពេលនោះជនរងគ្រោះបានឆែកកាម៉េរ៉ាសុវត្ថិភាព ឃើញជនសង្ស័យបានចូលលួច នៅម៉ោង ០៥.០០ ហើយបានស្គាល់មុខជនសង្ស័យច្បាស់ លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១នឹង០៥នាទី ជនរងគ្រោះឃើញជនសង្ស័យនៅ មុខផ្ទះសំណាក់ធូដេ ទីតាំងឃាត់ខ្លួនខាងលើ ក៏បានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហើយបានឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋាល វាលវង់ តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស រស្មី