ក្រុមហ៊ុនប្រេងបារាំងតូតាល់ បានត្រៀមលក្ខណៈដកចេញពីប្រទេសអីុរ៉ង់ដើម្បីបញ្ជៀស ហានិភ័យ ដោយសារតែការដាក់ទណ្ឌកម្មពីអាមេរិក ។
កាលពីថ្ងៃទី១៦ ខែឧសភា ក្រុមហ៊ុន តូតាល់បានប្រកាសថា មិនអាចបន្ត គម្រោង អភិវឌ្ឍន៍ក្នុងវិស័យប្រេង នៅក្នុងតំបន់ South Pars ប្រទេសអីុរ៉ង់ ដែលមានតម្លៃរហូតដល់ទៅជាង ២ពាន់ លានដុល្លារអាមេរិក។ ក្រុមហ៊ុនតូតាល់ នឹងបញ្ចប់សកម្មភាពពាក់ព័ន្ធនៅមុនថ្ងៃទី៤ ខែវិច្ឆិកា លើកលែងតែអាមេរិក មិន ដាក់ទណ្ឌកម្មទៅលើ វិស័យប្រេងនៅក្នុង ប្រទេសនេះ។
នៅក្នុងកិច្ចព្រមព្រៀង លើកទីមួយ កាលពីចុងឆ្នាំ២០១៦ ក្រុមហ៊ុនតូតាល់ បានព្រមព្រៀង លើគម្រោង south Pars ដោយមានភាគហ៊ុន ៥០,១ភាគរយ ។ចំណែកដៃគូផ្សេងទៀត នៅក្នុងគម្រោងនោះមានក្រុមហ៊ុនប្រេងចិន CNPC និង ក្រុមហ៊ុនPetropars របស់អីុរ៉ង់។
ការសម្រេចខាងលើរបស់ក្រុមហ៊ុនតូតាល់កើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀង បរមាណូ កាលពីសប្តាហ៍កន្លងមក។ កិច្ច ព្រមព្រៀងខាងលើ ត្រូវបានអតីតប្រធានាធិបតីអាមេរិកបារ៉ាកអូបាម៉ា ចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ក្នុងនោះអីុរ៉ង់កាត់ បន្ថយកម្មវិធីបរមាណូ ដើម្បីដោះដូរ និងការលុបទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះ។ កិច្ចព្រមព្រៀងខាងលើបានអនុញ្ញាតឲ្យអីុរ៉ង់ វិនិយោគចូលក្នុងតំបន់អឺរ៉ុបនៅ ក្នុងវិស័យប្រេង ។ ប៉ុន្តែពេលនេះត្រូវអាមេ រិកលុបចោល បង្កផលលំបាកយ៉ាងខ្លាំង ដល់បណ្តាក្រុមហ៊ុនអឺរ៉ុប។
អាល្លឺម៉ង់ បារាំង អង់គ្លេស បានសន្យា រិះរកគ្រប់វិធីសាស្រ្តការពារកិច្ចព្រមព្រៀងខាងលើ ហើយកំពុងពិភាក្សាជាមួយមន្ត្រី អីុរ៉ង់ ក្នុងការការពារផលប្រយោជន៍សេដ្ឋកិច្ច បើទោះបីក្រុមហ៊ុនធំៗមួយចំនួន មិនអាច ទទួលយកនៅពេលមានហេតុការហានិភ័យកើតឡើង ។
ការសម្រេចរបស់ប្រធានាធិបតីអាមេរិកមានន័យថា ក្រុមហ៊ុនធំៗរបស់អាមេរិក មិនអាចបន្តសកម្មភាពរកសុីជាមួយអីុរ៉ង់បានឡើយ ។ បើក្រុមហ៊ុនអាមេរិកនៅតែបន្តរកសុីជាមួយអីុរ៉ង់នោះនឹងត្រូវដកចេញពី បណ្តាញហិរញ្ញវត្ថុអាមេរិក និងទទួលរង ការផាកពិន័យផ្សេងៗ។
មកទល់ពេលនេះក្រុមហ៊ុនតូតាល់ បាន ចំណាយប្រាក់ជាង ៤០លានអឺរ៉ូ សម្រាប់ គម្រោង South Pars ជាគម្រោងធំ ត្រូវបានអីុរ៉ង់វាយតម្លៃថានឹងមានផលិតផលប្រេង មានតម្លៃរាប់សិបពាន់លានដុល្លារ ផ្គត់ផ្គង់ នៅលើទីផ្សារ នាឆ្នាំ២០២១។ក្រៅពីក្រុមហ៊ុនតូតាល់ នៅមានក្រុមហ៊ុនធំៗអឺរ៉ុប ផ្សេងទៀត ដូចជា ក្រុមហ៊ុនVolkswagen និងAirbus ក៏មានទំនាក់ទំនងរកសុីជាមួយអីុរ៉ង់ផងដែរ ក្រោយកិច្ចព្រមព្រៀង កាលពី ឆ្នាំ២០១៥៕ ម៉ែវ សាធី