ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូប៉ះជាមួយរថយន្តនៅផ្លូវបែកជាបួន ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត១០យប់ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយមន្ទីរពេទ្យលោកសង្ឃតាមបណ្តោយផ្លូវ២៦៥កែងនិងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD-1730 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កែងផ្លូវ២៥៦ចាប់ហ្វ្រាំងមិនទាន់បានជ្រុលប៉ះជាមួយរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែករថយន្ត មិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេបានគេចបាត់ស្រមោល រីឯម៉ូតូរងកាខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំសាច់ញាត្តិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕ ជ្រោយពេជ្រ