ភ្នំពេញ៖ យុវជន២នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និងយុវជនម្នាក់ទៀតរងរបួសបែកមុខបែកមាត់ ត្រូវសមត្ថកិច្ចវាយខ្នោះ ដោយសារតែជិះម៉ូតូដេញកាប់គ្នា ហើយជ្រុលទៅបុករថយន្ត Lexus កំពុងបត់ឆ្លងផ្លូវពីក្រោយពេញទំហឹង ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខការិយាល័យលក់ផ្ទះល្វែងរបស់ ឧកញ៉ា បណ្ឌិតជា រតនា តាមបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យបានដឹងឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ក្រុមយុវជនជិះម៉ូតូជាច្រើនគ្រឿង នៅតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ដេញកាប់ក្រុមយុវជនមួយក្រុមផ្សេងទៀត ខណៈមកដល់ចំណុចកើតហេតុ ក៏ឃើញភាគីម៉ូតូនិចនោះដេញកាប់ហើយភាគីម៉ូតូឌ្រីម ភ័យពេកក៏បានជ្រុលចង្កូតទៅបុកគូទរថយន្តឡិចស៊ីសRX-300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9345 ពេញទំហឹងបណ្តាលឲ្យយុវជន២នាក់ជាជនរងគ្រោះជិះម៉ូតូឌ្រីមនោះរងរបួសធ្ងន់បាក់ជើងឆ្វេងទាំង២នាក់ និងម្នាក់ទៀតបែកក្បាលផងដែរ។
ម៉ូតូជនរងគ្រោះដែរខាងភាគីម៉ូតូនិចដេញកាប់នោះមានម៉ាកឌ្រីមសង់០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-5632 ហើយខាងភាគីម៉ូតូនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-3770 ជិះគ្នា២នាក់ដែរជាជនបង្កជិះកាន់ដាវដេញកាប់ភាគីខាងម៉ូតូឌ្រីមសង់បានបុកពីក្រោយរថយន្តបន្តបណ្តាលឲ្យបែកមុខបែកមាត់ បានងើបរត់ទៅរើសដាវដែលជ្រុះនោះ រួចបម្រុងកាប់ទៅលើម្ចាស់រថយន្តដែលចុះមករកឃាត់សួរនាំ តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញស្រែកទាន់ទើបយុវជនដែលកាន់ដាវនោះបានដើរយកដាវទៅគប់ចោលនៅគុម្ពស្មៅ ហើយមកកន្លែងកើតហេតុវិញ តែត្រូវប្រជាពលរដ្ឋរកឃើញត្រូវសមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្តិ៍នគរបាល ។
ចុងក្រោយរថយន្តរួមជាមួយម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកយករថយន្ត និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយទៅតាមនិតិវិធី ៕ជ្រោយពេជ្រ