ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ មានផ្ទៃដីសរុប១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយណាស់ ដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារនេះជាលើកទី៣។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថានៅទីនេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្សប៉ុណ្ណោះនោះទេ តែវាជាតំបន់មួយសំរាប់ធ្វើសិក្សាស្រាវជ្រាវផងដែរព្រោះជាតំបន់នេះជាកេរមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ តាមការលើកឡើងពីប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលមានគោលបំណងបង្កើតជាកន្លែងផលិតទឹកដោះគោស្រស់នៅនឹងទីតាំងឧទ្យាននេះ សម្តេចតេជោបានសំដែងនូវការគាំទ្រ ហើយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានចូលរួមចំណែកផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារផងដែរ ក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមយកទឹកដោះនៅទីនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់នេះបន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍ហើយ នឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍ផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីកដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតម្រូវការឈើ ពិតជាមានច្រើនណាស់សំរាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បូករួមទាំងបទល្មើសព្រៃឈើផងដែរ ដូច្នេះរាជរដ្ឋាភិបាលបានខិតខំដាំដើមឈើឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគម្របព្រៃឈើអោយកាន់តែច្រើនឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សព្រៃឈើនោះ គឺត្រូវតែមានការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃឈើនោះជាមុនសិន ដូចជាតាមរយៈការផ្តល់ដីសម្រាប់ពួកគាត់បង្កបង្កើនផល ការកាត់បន្ថយកុំអោយពួកគាត់ប្រើប្រាស់ អុស ឬធ្យូងច្រើន ជំរុញអោយគាត់បង្កើនការដាំដុះ ដំណាំឧស្សាហកម្មផ្សេងៗដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀតជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសាជាថ្មីថា រាជរដ្ឋាភិបាលមិនបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនណាទៀតនោះទេ តែត្រូវផ្តល់ជាដីសម្បទានសង្គមកិច្ចអោយពលរដ្ឋរស់នៅ និងបង្កបង្កើនផលវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការគ្រប់គ្រងព្រៃឈើអោយបានត្រឹមត្រូវ ជាពិសេសមិនត្រូវ អោយក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនមកទន្ទ្រានព្រៃឈើខុសច្បាប់ណាមួយឡើយ។

នៅថ្ងៃនេះសម្តេចតេជោបានប្រកាសនូវថវិកាមួយចំនួន ដែលទទួលបានពីការចូលរួមរបស់សប្បុរសជនក្នុងការអភិរក្ស និងអភិវឌ្ឍន៍ នៃឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ រួមទាំងថវិការរបស់សម្តេចតេជោ និងក្រុមគ្រួសារចំនួន១០ម៉ឺនដុល្លារនោះ គឺសរុបទទួលបាន ចំនួន១សែន៥ម៉ឺន២០០០ដុល្លារសហរដ្ឋអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្ត្រី សូមជូនពរអោយក្រុមការងារនៃរាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមក្នុងសកម្មភាពអភិរក្ស និងអភិវឌ្ឍន៍ នៃឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ ទទួលបានជោគជ័យនាពេលខាងមុខ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសដាំដើមឈើប្រភេទឈើក្រញូង ជានិមិ្មតរូប អនុស្សាវវរីយ៍នៅទីនេះ ហើយក៏មានមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបានចូលរួមដាំដើមឈើ នៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖