ភ្នំពេញ៖ មន្ត្រីតុលាការ ថ្លែងប្រាប់ លោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នេះ សម្រេចពន្យារពេលនៃការឃុំខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់ ករណីប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីល្ងាចថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅយាងសុជាមេត្តា ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ”ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ” តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះចែងថា “បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៧ឆ្នាំទៅ១៥ឆ្នាំ”។
គួររំលឹកថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការឯកភាពពីលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាទីស្នាក់ការរបស់វិទ្យុអាស៊ីសេរី ដោយរំលោភច្បាប់កម្ពុជា ៕ ចេស្តា