ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ៨ខ្នងនៅក្រុងសិរីសោភ័ណរងការខូចខាតដោយខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នងនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយខ្យល់កន្រ្តាក់ខណៈដែលមានខ្យល់បោកបក់យ៉ាងខ្លាំងលាយឡំជាមួយភ្លៀងផ្គរន្ទៈ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ។

អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក ស៊ី ឌី បានប្រាប់ឱ្យដឹងថា ខ្យល់កន្រ្តាក់នោះមិនបង្កឱ្យប៉ះពាល់គ្រោះថ្នាក់ដល់អាយុប្រជាពលរដ្ឋនោះឡើយ ។គ្រាន់តែផ្ទះចំនួន៨ខ្នងត្រូវបានរងការខូចខាតធ្ងន់និងស្រាល។ប្រជាពលរដ្ឋ៨គ្រួសារនោះបានប្រឈម និងខ្វះខាតទីជម្រុក ប៉ុន្តែនៅព្រឹកថ្ងៃទី១៨ ខែឧសភា អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី លោកអភិបាលក្រុងសិរីសោភ័ណលោក ហ៊ឹល រ៉ាយ៉ា និងស្នងការរង លោកឧត្តមសេនីយ៍ត្រី វង្ស វ៉ិត បានដឹកនាំកម្លាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយរុះរើនិងជួសជុលកសាងលំនៅឋានជូនប្រជាពលរដ្ឋរងគ្រោះ និងបាននាំយកស័ង្កសីមួយចំនួនធំ សម្រាប់ប្រក់កសាងជួសជុលផ្ទះរងការខូចខាតនោះឡើងវិញផងដែរ។

សូមរំលឹកថា នៅក្នុងរដូវខែវស្សាបានឈានចូលមកដល់គេឃើញខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយខ្យល់កន្រ្តាក់បង្កឱ្យផ្ទះប្រចាពលរដ្ឋមួយចំនួនរងការខូចខាត និងរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកនិងទឹកជំនន់ហូរពីប្រទេសថៃ នៅតាមបណ្តាស្រុកក្រុងមួយចំនួនបណ្តាលឱ្យផ្ទៃដីកសិកម្មមួយចំនួនរងការជន់លិច។មិនតែប៉ុណ្ណោះគិតត្រឹមតែតរយៈពេល១សប្តាហ៍ចុងក្រោយ នេះមានប្រជាពលរដ្ឋបានរងគ្រោះដោយរន្ទះបាញ់ស្លាប់និងរងរបួស៦នាក់នោះហើយ នៅស្រុកអូរជ្រៅស្លាប់១នាក់ ស្រុកថ្មពួករងរបួស៣នាក់ និងស្រុកមង្គលបូរី ស្លាប់២នាក់ ៕ សំ វិច្ឆិកា


ចែករំលែក៖