ភ្នំពេញ៖ លោក ឃួង ស្រេង បានប្រកាសថា៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកសាងហេដ្ឋារ ចនាសម្ព័ន្ធ នៅខណ្ឌមានជ័យ ដើម្បីសម្រួល ការកកស្ទះចរាចរនិងរំដោះការលិចលង់ជូនប្រជាពល រដ្ឋខណៈពេល ដែលតំបន់នេះ ពិសេសនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងសង្កាត់ស្ទឹង មានជ័យទី៣ ការដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋមិនទាន់បានល្អប្រសើរឡើយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ័ និងអាជ្ញាធរ ខណ្ឌ សង្កាត់ កាលពីថ្ងៃសុក្រ ៤កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដើម្បីរិះរកវិធីថ្មីៗទៀត ក្នុងការដោះស្រាយបញ្ហាចរាចរ និងបញ្ហាទឹកលិចជូនប្រជាពលរដ្ឋនារដូវ វស្សានេះ ។
លោកឃួង ស្រេង បានបញ្ជាក់ថា ៖ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនបន្ថែមទៀត ដែលអាជ្ញាធររាជធានីភ្នំពេញត្រៀម កសាងនៅទឹកដីខណ្ឌមានជ័យ ពិសេសនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ ហើយហេដ្ឋា រចនាសម្ព័ន្ធនៅមិនទាន់មានគ្រប់គ្រាន់ ឆ្លើយតប ទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវឡើយទេ ពិសេសប្រព័ន្ធលូ និងផ្លូវ នាំអោយពិបាកក្នុងការធ្វើដំណើរនិងប្រឈមនឹងការលិច ។លោកបន្តថា ទោះបីជាយ៉ាងណាក្តីតំបន់នេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាលូមេ មួយចំនួន ហើយដើម្បីដោះស្រាយលើបញ្ហាលិចលង់នេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹង មានជ័យ មានប្រវែង ១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ដោយគម្រោងនេះ បែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ។
សូមបញ្ជាក់ថា៖ ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនឹង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។ ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្ចើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕ សំរិត