ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានវិបត្តិផ្លូវចិត្តរឿងកូនទើបតែលង់ទឹកស្លាប់ថ្មីៗ ម្តាយអង្គុយលើផ្លូវដែកឲ្យរថភ្លើងកិនដាច់ក្បាល់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានគេសង្ស័យថា មានវិបត្តិផ្លូវចិត្តដោយសារតែកូនប្រុសបង្កើតទើបតែលង់ទឹកស្លាប់ថ្មីៗ ហើយស្រ្តីរងគ្រោះតែងតែផឹកស្រាស្រវឹងអង្គុយលើផ្លូវរថភ្លើង ស្រាប់តែជាអកុសលត្រូវរថភ្លើងបើកមកកិនដាច់ក្បាលស្លាប់យ៉ាងរន្ធត់ ។

គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយរថភ្លើងស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សពស្ត្រីរងគ្រោះមានឈ្មោះ ហ៊ុន ណាវី ហៅឡាំយ៉ង អាយុ៤២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅម្តុំកើតហេតុខាងលើ។

ប្រភពពីអ្នកជិតខាងដែលស្គាល់ស្ត្រីរងគ្រោះបានឲ្យដឹងថា ដោយសារតែរូបគាត់មានវិបត្តផ្លូវចិត្តកូនបង្កើតរបស់គាត់ទើបតែលង់ទឹកស្លាប់ថ្មីៗហើយរូបគាត់តែងតែហូបស្រាជារៀងរាល់ថ្ងៃដើម្បីបំបាត់ទុក្ខលុះដល់ថ្ងៃកើតហេតុខាងលើស្ត្រីរងគ្រោះបានពិសាស្រា ហើយក៏បានមកអង្គុយលំហែកាយលើផ្លូវរថភ្លើងក្បែរផ្ទះរបស់គាត់ ខណៈពេលដែលរថភ្លើងកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវរថភ្លើងចេញពីរ៉ាភ្នំពេញពីទិសដៅ ពីកើតទៅលិច ក្នុងអាទិភាពលើផ្លូវរបស់អយស្ម័យានហើយក៏បានស៊ីផ្លេឲ្យដំណឹងដែរតែស្ត្រីរងគ្រោះពុំបានក្រោកចេញពីផ្លួវរថភ្លើងឡើយ ដោយគាត់សុខចិត្តឲ្យរថភ្លើងកិនដាច់ក្បាលស្លាប់យ៉ាងអាណោចអាធ័ម។

ប្រភពបន្តថា ករណីខាងលើនេះគឺសង្ស័យថាស្ត្រីខាងលើមានវិបត្តិផ្លូវចិត្ត ព្រោះតែកូនប្រុសបង្កើតទើបតែលង់ទឹកស្លាប់ថ្មីៗទើបគិតខ្លីបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌសែនសុខបានចុះមកធ្វើកំណត់ហេតដើម្បីប្រគល់សពស្ត្រីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍ចិនតុង ចំណែករថភ្លើងត្រូវបានសមត្ថកិច្ចអនុញ្ញាតិឲ្យបន្តរដំណើរទៅមុខទៀត ៕ តុង សីហា


ចែករំលែក៖