ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជា ពលរដ្ឋខ្មែរឲ្យបានកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សរាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យដំណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅតាមខេត្តចំនួន៣ទៀតគឺនៅខេត្តបាត់ដំបង ខេត្តបន្ទាយមាន ជ័យ និងខេត្តកោះកុង។ ក្នុងនោះរាជរដ្ឋា ភិបាលក៏បានសម្រេចកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ដែលនឹងចាប់ផ្តើមដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨តទៅ ។

ការកែប្រែរយៈពេលអតិបរមានៃការ ផ្តល់លិខិតឆ្លងដែនគំរូថ្មីត្រូវបានធ្វើឡើង តាមរយៈប្រកាសអន្តរក្រសួងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ។

បន្ថែមលើសពីនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៨ ជម្រាបដល់សាធារណ ជនអំពីការកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីដែលនឹងចាប់ ផ្តើមដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨តទៅ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ឲ្យដំណើរការសាខា ផ្តល់លិខិតឆ្លងដែនធម្មតាគំរូថ្មីនៅតាមខេត្តចំនួន៣ទៀតគឺនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ។

ប្រកាសអន្តរក្រសួង និងសេចក្តីជូន ដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានលើកបង្ហាញពីការកែប្រែរយៈ ពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីរួមមាន៖

ទី១-សេវាឆាប់រហ័សរយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការងារ សម្រាប់ការផ្តល់សេវានៅរាជធានីភ្នំពេញលើកលែងតែនៅតាម បណ្តាសាខាលិខិតឆ្លងដែនប្រចាំខេត្តគឺមានរយៈពេល៣ថ្ងៃនៃថ្ងៃធ្វើការងារ ។

ទី២-សេវាឆាប់រហ័សកម្រិតមធ្យមប្តូរ ពីរយៈពេល១០ថ្ងៃមកត្រឹម៧ថ្ងៃនៃថ្ងៃធ្វើការងារ ។

ទី៣-សេវាធម្មតាប្តូរពីរយៈពេល២០ ថ្ងៃមកត្រឹម១៥ថ្ងៃនៃថ្ងៃធ្វើការងារ ។

សម្រាប់តម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនមិនត្រូវបានកែប្រែទេពោលគឺមាន តម្លៃដដែលស្របតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដែលមាន២ ប្រភេទរួមមាន៖

-ការផ្តល់លិខិតឆ្លងដែនគំរូថ្មីសម្រាប់ មនុស្សចាស់៦៤ទំព័ររាប់ចាប់ពីអាយុ៦ឆ្នាំ ឡើងគឺសេវាធម្មតាថ្លៃ១០០ដុល្លាររយៈ ពេលអតិបរមាសម្រាប់ផ្តល់សេវាចំនួន ១៥ថ្ងៃនៃថ្ងៃធ្វើការងារដោយមានសុពលភាព១០ឆ្នាំ ។

-សេវាឆាប់រហ័សកម្រិតមធ្យមតម្លៃ ១៥០ដុល្លាររយៈពេលអតិបរមាសម្រាប់ ផ្តល់សេវាចំនួន៧ថ្ងៃនៃថ្ងៃធ្វើការងារដោយមានសុពលភាព១០ឆ្នាំ និងសេវាឆាប់រហ័សតម្លៃ២០០ដុល្លាររយៈពេលអតិបរមា សម្រាប់ផ្តល់សេវាចំនួន១ថ្ងៃនៃថ្ងៃធ្វើការងារដោយមានសុពលភាព១០ឆ្នាំ។

ចំណែកការផ្តល់លិខិតឆ្លងដែនគំរូថ្មី សម្រាប់កូនក្មេង៤៨ទំព័ររាប់ចាប់ពីអាយុ ០ឆ្នាំដល់អាយុ៥ឆ្នាំគឺសេវាធម្មតាតម្លៃ៨០ ដុល្លាររយៈពេលអតិបរមាសម្រាប់ផ្តល់ សេវាចំនួន១៥ថ្ងៃនៃថ្ងៃធ្វើការងារដោយ មានសុពលភាព៥ឆ្នាំ។ សេវាឆាប់រហ័ស កម្រិតមធ្យមតម្លៃ១២០ដុល្លាររយៈពេល អតិបរមាសម្រាប់ផ្តល់សេវាចំនួន៧ថ្ងៃនៃ ថ្ងៃធ្វើការងារដោយមានសុពលភាព១០ឆ្នាំ និងសេវាឆាប់រហ័សតម្លៃ១៦០ដុល្លាររយៈពេលអតិបរមាសម្រាប់ផ្តល់សេវាចំនួន១ ថ្ងៃនៃថ្ងៃធ្វើការងារដោយមានសុពលភាព ៥ឆ្នាំ ។

សូមរំលឹកថា សព្វថ្ងៃនេះកន្លែងផ្តល់ សេវាធ្វើលិខិតឆ្លងដែនមានតែមួយកន្លែងប៉ុណ្ណោះគឺនៅនាយកដ្ឋានលិខិតឆ្លងដែន ដែលស្តិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ ប៉ុន្តែចាប់ពីថ្ងៃ ទី៦ ខែមិថុនាតទៅរាជរដ្ឋាភិបាលបាន សម្រេចដាក់ឲ្យដំណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅតាមខេត្ត៣ ទៀតគឺខេត្តបាត់ដំបង បន្ទាយមានជ័យ និង ខេត្តកោះកុង ៕ ហេង សូរិយា


ចែករំលែក៖