ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសប្រកាសបន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់នាំចេញទំនិញរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អនុរដ្ឋមន្រ្តីការបរទេសអចិន្ត្រៃយ៍អង់គ្លេសបានប្រកាសពីគោល ជំហររបស់អង់គ្លេសនៅតែបន្តកិច្ចសហ ប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត ជា ពិសេសទំនាក់ទំនងការទូតកម្ពុជា អង់គ្លេសនៅមានទំនាក់ទំនងល្អហើយអង់គ្លេសនឹងបន្តការផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត ។

ការលើកឡើងនេះបបន្ទាប់ពីលោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យលោក សាម៉ុន ម៉ាក ដូណាល់ (Simon Mc Donald) អនុរដ្ឋមន្រ្តីការបរទេសអចិន្ត្រៃយ៍អង់គ្លេសជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីជំនួបនោះលោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានបញ្ជាក់ថា លោក សាយម៉ុន ម៉ាកដូណាល់ បានវាយតម្លៃខ្ពស់នៃការ កើនឡើងទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ដែលកើនឡើងជាង១.០០០លានដុល្លារក្នុងឆ្នាំ២០១៧ហើយលោកក៏មានការចាប់អារម្មណ៍ចំពោះអ្នកទេសចរអង់គ្លេសមក កម្ពុជាឆ្នាំ២០១៧មានចំនួន១៧ម៉ឺននាក់។

លោកអនុរដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលអង់គ្លេសបន្ដផ្តល់អាហារូបករណ៍ ៣៦កន្លែងសម្រាប់និស្សិតកម្ពុជា និងជួយ លើវិស័យអប់រំ វិស័យដោះមីននៅកម្ពុជាតាមរយៈអង្គការហេឡូត្រាស់ ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន ជម្រាបជូនថា ការបោសសម្អាតមីនសម្រេច បាន១.៦០០គីឡូម៉ែត្រការេនៅសល់ជាង ២.០០០គីឡូម៉ែត្រការេទៀតដែលកម្ពុជាត្រូវសម្រេចឱ្យអស់គ្រាប់មីននៅឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមនេះភាគីទាំង២បានពិភាក្សា បានផ្តោតលើកិច្ចសហការរវាងវិទ្យាស្ថានទូតជាមួយក្រសួងការបរទេសអង់គ្លេស នឹងសាកលវិទ្យាល័យនានារបស់អង់គ្លេសនៅកម្ពុជា ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការពង្រឹងទំនាក់ទំនងលើឆាកអន្តរជាតិគាំទ្របេក្ខភាពគ្នាទៅវិញទៅមកលើឆាក អន្តរជាតិរវាងកម្ពុជានឹងអង់គ្លេស ហើយ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាពនៅកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖