ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងអាល្លឺម៉ង់បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធក្រោយបាត់បង់ទំនុកចិត្តលើអាមេរិក

ចែករំលែក៖

អាមេរិកបាន និងកំពុងធ្វើឲ្យសម្ពន្ធមិត្តនៅអឺរ៉ុប កាន់តែបាត់បង់ទំនុកចិត្ត ក្រោយ ពេលលោក ត្រាំ ដកអាមេរិកចេញពីកិច្ច ព្រមព្រៀងជាមួយអុីរ៉ង់ ហើយបានដាក់ គំនាបទៅលើបណ្តាប្រទេសសម្ពន្ធមិត្តណាតូ ឲ្យបង់ប្រាក់គ្រប់គ្រាន់សម្រាប់ ដំណើរការ។

នៅពេលនេះ ប្រទេសទាំងពីរការព្យាយាមបង្កើតទំនាក់ទំនងល្អនឹងគ្នាឡើងវិញ ហាក់ដូចជាកំពុងកើតមាន ស្របពេល ដែល មេដឹកនាំអាល្លឺម៉ង់ លោកស្រី អេង ហ្គេឡា មែរគែល (Angela Merkel) បាន ចូលរួមក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅឯទីក្រុង សូជី ប្រទេសរុស្ស៊ីនាចុងសប្តាហ៍នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ជា មួយលោកស្រី Merkel លោក ពូទីន បានធ្វើការកោតសរសើរអំពីការចាប់ផ្តើមទំនាក់ ទំនងថ្មីប្រកប ដោយសុច្ឆន្ទៈជាមួយអាល្លឺ ម៉ង់ ខណៈអធិការបតីអាល្លឺម៉ង់បានយល់ស្របថា កិច្ចចរចាទាំងនេះពិតជាមានសារសំខាន់ ហើយវានឹងនៅតែបន្តកើតមាន នៅថ្ងៃខាងមុខទៀត។

ការវិវឌ្ឍស្ថានការណ៍នេះ គឺអាចនិយាយ បានថា គួរតែអរគុណដល់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលបាន សម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទោះបីជាសម្ពន្ធមិត្តអឺរ៉ុប របស់ខ្លួន បានស្នើយ៉ាងទទូចធ្វើការគិតគូរពិចារណាឲ្យបានច្បាស់មុនធ្វើដូច្នោះយ៉ាងណាក្តី បូករួមជាមួយការទាមទារ និង ព្រមានឲ្យសមាជិកអង្គការ NATO បង្កើន ការចំណាយលើវិស័យយោធាជាដើម។

នៅក្នុងអំឡុងនៃការធ្វើសន្និសីទខាងលើ មេដឹកនាំប្រទេសទាំងពីរបានបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំ គឺមានភាពទូលំទូលាយដូចការរំពឹងទុកប្រាកដមែន ហើយការពិភាក្សាអំពីការដាក់ទណ្ឌកម្ម គឺពុំត្រូវ បានធ្វើឡើងនោះឡើយ ដោយជំនួសវិញនូវការជជែកពីបញ្ហាអ៊ីរ៉ង់ ស៊ីរី អ៊ុយក្រែន និងវិស័យថាមពល។

គួរជម្រាបថា បើតាមលោក ចូសិព ចេននីងស៍ (Joseph Jannings) ដែលជា ប្រធានការិយាល័យរបស់ក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស ទោះបីជាជំនួប នេះ ត្រូវបានគ្រោងទុកជាមុនយ៉ាងណាក្តី ប៉ុន្តែវាបានកើតឡើងចំពេលតែម្តង ដោយ លោកស្រី Merkel មានបំណងចង់ឲ្យ ទីក្រុងវ៉ាស៊ីនតោនដឹងថា អាល្លឺម៉ង់មិនមែនពឹងផ្អែកទាំងស្រុង តែទៅលើសហរដ្ឋ អាមេរិកនោះឡើយ សម្រាប់បញ្ហាអន្តរជាតិ នោះ៕ ម៉ែវ សាធី


ចែករំលែក៖