ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សពីរនាក់ស្លាប់ និងមាន់ពីរក្បាលងាប់ដោយសារន្ទះបាញ់ផ្ទាំងសូឡា

ចែករំលែក៖

ខេត្តរតនគិរី៖ រន្ទះបាញ់ផ្ទាំងសូឡានៅលើដំបូលផ្ទះ បណ្តាលឲ្យស្លាប់មនុស្សពីរនាក់ និងងាប់មាន់ពីរក្បាលទៀតផងដែរ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះចំការអូរកាវស្ថិតក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលស្រុកវើនសៃ បានឲ្យដឹងថា ជនរងគ្រោះត្រូវរន្ទះបាញ់ស្លាប់នោះ ទី១ ឈ្មោះ ស៊ីង កិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិកាវែត ។ ទី២ ឈ្មោះ ប៉ាង នឹម ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិកាវែត អ្នកទាំង២ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ប្រភពបន្តថា ជនរងគ្រោះសម្រាកនៅក្នុងផ្ទះពេលមានភ្លៀងផ្គរស្រាប់តែមានរន្ទះបាញ់ផ្ទាំងសូឡា ហើយក៏បណ្តាលឲ្យស្លាប់មនុស្សពីរនាក់នោះ និងមាន់ពីរក្បាលទៀតក៏បានងាប់ដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុឃើញថា ពិតជាមានរន្ទះបាញ់ស្លាប់មនុស្សពីរនាក់ពិតប្រាកដមែនរួចក៏បានប្រគល់សាកសពទាំង២នោះឲ្យទៅក្រុមគ្រួសារ និងសាច់ញាតិ​រៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត


ចែករំលែក៖