ខេត្តសៀមរាប៖ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាបត្រូវបានគ្រោះធម្មជាតិបំផ្លាញ នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថាស្រុកដែលរងគ្រោះរួមមានភូមិជ្រៃ, ភូមិទឹកវិល, ភូមិសណ្តាន់, ភូមិទឹកថ្លាសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ការខូចខាតមាន របើកដំបូលលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២០ខ្នង, ផ្ទះរលំដល់ដីចំនួន២១ខ្នង, ដើមឈើដួលរលំរបួសដល់មនុស្សម្នាក់។
ឃុំមានជ័យ រន្ទះបាញ់គោងាប់មួយក្បាល, ឃុំបាគង របើកប៉ាយសាលាស្រុកប្រាសាទបាគង មួយផ្ទាំងមកដល់ដី, រលំតូបលក់ដូរមួយខ្នងមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ, ឃុំអំពិល រលំផ្ទះចំនួន៤ខ្នង ខូចម៉ូតូមួយគ្រឿង ទូរទស្សន៍២គ្រឿង, កង់មួយគ្រឿងនិងស្រូវមួយតោន នឹងឃុំកណ្តែក ស្រុកប្រាសាទបាគង របើកដំបូលមួយខ្នង។
ឃុំពួក ស្រុកពួក ប៉ះពាល់ចំនួន ០២ ភូមិ របើកដំបូលមួយខ្នង, ដួលបង្គោលអង្គតែនវិទ្យុមួយដើម និង រលំស្លាកសញ្ញាគណបក្សចំនួនមួយកន្លែង, ឃុំខ្នាត ប៉ះពាល់ចំនួន ០៣ ភូមិ បណ្ដាលឲ្យរលំផ្ទះចំនួន ០៥ ខ្នង របើកដំបូល ០៨ ខ្នង។
សរុបការខូចខាតរលំផ្ទះចំនួន ២៧ ខ្នង របើកដំបូល៣០ខ្នង ដួលបង្គោលអង្គតែនមួយកន្លែង និងរលំស្លាកគណបក្សចំនួន១ស្លាក ខូចម៉ូតូ៩គ្រឿង, កង់មួយគ្រឿង រន្ទះបាញ់ងាប់គោមួយក្បាល, ខូចស្រូវមួយតោន របួសមនុស្សម្នាក់ស្រាល និងសម្ភារៈមួយចំនួន។
ករណីខាងលើនេះមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕ ប៊ុនរិទ្ធី