ខេត្តសៀមរាប៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប នៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុគ្គលឈ្មោះ បាន សម្ភីរ តាមដីកាលេខ ៦២៥ «ក» ១៨ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។
ដោយបញ្ជាក់ថាៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខេត្តសៀមរាប បានឃើញការបង្ហោះតាមប្រព័ន្ធហ្វេសប៊ុក (Facebook) ដែលមានគណនីឈ្មោះ (Ban Samphy) បានចែកចាយបន្តនូវរូបភាព របស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះបាទនរោត្តម សីហមុនី ក្នុងន័យប្រមាថព្រះចេស្ដារបស់ព្រះអង្គ ។ ក្រោយពីបានឃើញការបង្ហោះនោះ គណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់ ។ រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កម្លាំងផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកជីក្រែង បានរកឃើញម្ចាស់គណនី facebook ខាងលើនោះ គឺមានឈ្មោះ បាន សម្ភីរ ភេទប្រុស អាយុ ៧០ឆ្នាំ មានមុខរបរជាជាងកាត់សក់ បច្ចុប្បន្នរស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
កម្លាំងសមត្ថកិច្ចក៏បានហៅសាម៉ីខ្លួនរូបនោះ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ហើយបើតាមចម្លើយរបស់ឈ្មោះ បាន សម្ភីរ បានសារភាពថាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ខ្លួនដែលជាម្ចាស់គណនីឈ្មោះ (Ban Samphy) ពិតជាបានចែកចាយបន្ត (shared) រូបភាព និងខ្លឹមសារ ដែលមានន័យប្រមាថព្រះមហាក្សត្រ នៅវេលាម៉ោង ១៨ និង៤០នាទី ពីហ្វេសប៊ុក ដែលមានគណនី (Khmer Thatcher) ពិតប្រាដកមែន។
តាមចម្លើយសារភាពនោះដែរ ឈ្មោះ បាន សម្ភីរ បានបញ្ជាក់ទៀតថាការចែកចាយបន្តនេះ មកពីមូលហេតុខ្លួនមិនពេញចិត្ត អង្គព្រះមហាក្សត្រ ដូច្នេះនៅពេលដែលខ្លួនបានឃើញការបង្ហោះរបស់គណនី (Khmer Thatcher) ខ្លួនក៏បានចែកចាយបន្តនូវរូបភាព និងខ្លឹមសារ ក្នុងន័យប្រមាថអង្គព្រះមហាក្សត្រ តែម្ដងទៅ។
បើយោងតាម ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទួន ៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ ១០លានរៀល» ៕ ប៊ុនរិទ្ធី