ព័ត៌មានទាន់ហេតុការណ៍៖

បុរសអាណិកជនខ្មែរអាមេរិកម្នាក់ស្លាប់នៅស្រុកវាលវែងសង្ស័យជំងឺខ្យល់គរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសអាណិកជនខ្មែរសញ្ជាតិអាមេរិកាំងម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកវាលវែង គ្រាដែលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា បុរសអនីជនខ្មែរសញ្ជាតិអាមេរិករងគ្រោះ(ស្លាប់)ឈ្មោះ ខាត់ សុខុន ឈ្មោះបរទេស(ខាត់ សាវូរិតខុន) អាយុ ៥៩ឆ្នាំ ប្រពន្ធឈ្មោះ ហេង ឡាវ រស់នៅប្រទេសអាមេរិច សាកសពបានយកទៅតំកល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះបងស្រីបង្កើតឈ្មោះ អាត់ សាម៉ន អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងរបាយការណ៍រាបរបបន្តថា នៅថ្ងៃទី១៧ ខែឆ្នាំដដែល(មុនកើតហេតុ)ជនរងគ្រោះ និងប្រពន្ធ បានធ្វើបុណ្យសង្ឃទាននៅផ្ទះបងស្រីខាងលើ ក្រោយមកក៏បានធ្វើដំណើររួមគ្នា ប្រពន្ធ បងប្អូន និងក្មួយចំនួន ៦នាក់ដោយរថយន្ត ១គ្រឿង ឆ្លងកាត់ស្រុកវាលវែងតាមឃុំអូរសោម ក្នុងគោលបំណងឆ្ពោះទៅលេងឯខេត្តកោះកុង ប៉ុន្តែដោយស្ថានភាពផ្លូវលំបាកពេក ធ្វើឲ្យរថយន្តរអិលជាប់ផុង ជនរងគ្រោះ និងបងប្អូនសាច់ញាតិរុញរថយន្តច្រើនកន្លែង ក៏សម្រេចបកក្រោយ ស្រាប់តែជនរងគ្រោះមានសាភពស្លេកស្លាំង ភ្លាមនោះប្រពន្ធបានកោសខ្យល់ឲ្យ តែជំងឺមិនធូរស្រាលទេ ធ្វើឲ្យសន្លប់ស្ដូកស្ដឹង ក៏ព្យាយាមបញ្ជូនយកមកសង្រ្គោះ នៅមណ្ឌលសុខភាពស្រុកវាលវែង ទើបក្រុមគ្រូទេព្យប្រាប់ថា ស្លាប់បាត់ទៅហើយ។

របាយការណ៍ដដែលបន្តទៀតថា ក្រុមមន្រ្តីជំនាញផ្នែកកោសល្យវិច័យទទួលបានព័ត៌មាននេះភ្លាម បានសហការគ្នាចុះដល់ផ្ទះតំកល់សពដើម្បីត្រួតពិនិត្យ និងធ្វើកំណត់ហេតុត្រឹមត្រូវទើបប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖