ព័ត៌មានទាន់ហេតុការណ៍៖

ប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»នៅខេត្តស្វាយរៀងទទួលបានថវិកាឧបត្ថម្ភចំនួន៥៤មុឺនដុល្លារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាអធិបតីភាពប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា និងទីស្នាក់ការកាកបាទក្រហមកម្ពុជារាជធានី-ខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិ បានធ្វើឱ្យកាកបាទក្រហមកម្ពុជាមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការដោះស្រាយសេចក្តីត្រូវការរបស់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតនៅតាមសហគមន៍។

លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តថា៖ ជាក់ស្តែងបើតាមប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា បានអោយដឹងថា៖ ក្នុងឆ្នាំ២០១៧ មកដល់ខែមេសាឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ ២០១១-២០២០ របស់ខ្លួនផ្តោតលើវិស័យស្នូលទាំង៤ គឺគ្រប់គ្រងគ្រោះមហន្តរាយ អប់រំ ថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់តម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន ហើយដែលសមិទ្ធផល សំខាន់ៗសម្រេចបានរួមមាន៖ ប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជាង១ម៉ឺនគ្រួសារទទួលបានអណ្តូងទឹកស្អាត ៤៣៣ និងស្រះទឹកសហគមន៍ ចំនួន៧។ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺចាស់ឥតទីពឹង កុមារកំព្រា កុមារខ្សោយសតិបញ្ញា ស្រ្តីមេម៉ាយ ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ជាង១០ម៉ឺនគ្រួសារ ទទួលបានការជួយឧបត្ថម្ភ ជាស្បៀង សម្ភារ និងថវិកា។

បុគ្គលិកក្នុងវិស័យឯកជន ១០,៣២៩នាក់ និងអ្នកស្ម័គ្រចិត្ត ៥១៦នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គ្រោះបឋមនិងបានផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ រាប់ពាន់នាក់។ សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋប្រជាពលរដ្ឋប្រមាណ៧ម៉ឺននាក់ បានទទួលចំណេះដឹង ស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោក។ យុវជនកាកបាទក្រហមជាង២ម៉ឺននាក់ ទូទាំងប្រទេស តែងតែចូលរួមក្នុងសកម្មភាព មិត្តអប់រំមិត្ត សំអាតបរិស្ថាន ដាំដើមឈើ និងបរិច្ចាកឈាម ជាដើម។

ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ជាង១ម៉ឺនគ្រួសារ បានទទួលសារគន្លឹះអប់រំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងពេលដែលប្រជាពលរដ្ឋ ២៩៤គ្រួសារ ទទួលបានប្រាក់កម្ចី ឥតការប្រាក់ ធ្វើជាដើមទុនប្រកបមុខ របរមានជីវភាពប្រសើរឡើង។ បងប្អូនជនជាតិ តែងតែបានទទួលនូវសារថែទាំអប់រំ សុខភាព ក្នុងឱកាសទិវាជាតិដើម្បីសុខភាព មាតា និងទារក។ ក្នុងឱកាសទិវាឆ្មបជាតិ ៥ឧសភា និងទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍១ធ្នូ។ ក្រៅពីសមិទ្ធផលសំខាន់ៗខាងលើនេះកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់ពីឆ្នាំ២០១២ ដោយក្នុងមួយឆ្នាំៗ ចំនួន ១លានដុល្លារអាមេរិក និងបានជួយសាងសង់ និងជួសជុល លំនៅឋាន បានរាប់រយខ្នង ធ្វើបង្គន់អនាម័យ រាប់ពាន់បន្ទប់ ផ្តល់ស៊ីទែនទឹក និងធុងចម្រោះទឹក ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា និងបានជួយស្វែងរក គ្រួសារដែលបែកគ្នា ជាង៤០ឆ្នាំ ឱ្យបានជួបគ្នាឡើងវិញ បានជួយសាងសង់អគារសិក្សា អគារស្នាក់នៅ តាមអង្គការ សមាគម និងមណ្ឌលកុមារកំព្រាមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីរីករាយ និងអបអរសាទរចំពោះទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងអរគុណដល់បណ្តាសប្បុរសជនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករនៅពេលនេះ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីគុណូបការៈរបស់សម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលកន្លងមកព្រះអង្គ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាព កាកបាទក្រហមកម្ពុជា។ ដោយឡែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់ កាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌កន្លងមកក្នុងការជួយដល់ប្រជាពលរដ្ឋដែល រងគ្រោះបំផុត ដែលសកម្មភាពទាំងអស់នេះ គឺបានឆ្លើយតបទាន់ពេលវេលាសម្រាប់ការជួយសង្គ្រោះ ពួកគាត់ឱ្យទទួលបានភាពល្អប្រសើរ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការឧបត្ថម្ភទាំងនេះ គឺជាសិល្បៈ នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងអ្នកគ្មានលទ្ធភាព និងអ្នកមានលទ្ធភាព។ ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សម្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។ មិនតែប៉ុណ្ណោះសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយុវជន យុវនារី ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវសាធារណ:ត្រូវគោរពច្បាប់ចរាចរណ៍។

សូមជម្រាបថា៖ថវិកាសរុបជាបឋម នៃមូលនិធិមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជនជាតិ-អន្តរជាតិ ក្នុងពិធីប្រារព្ធខួបលើកទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម មានចំនួន ១៨.០២៨.៦៦៨ដុល្លារ (ដប់ប្រាំបីលាន ពីរម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបីដុល្លារអាមេរិក)។

ដោយឡែកក្នុងពិធីប្រារព្ធខួបលើកទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមនៅខេត្តស្វាយរៀងក្រោមអធិបតី លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលបានការឧបត្ថម្ភពីសប្បុរសជនចំនួន ៥៤មុឺនដុល្លារ៕ សុខ​ ខេមរា

 


ចែករំលែក៖