លោក Pep Guardiola បានចុះហត្ថលេខាបន្តកុងត្រាថ្មីមួយក្លិប Man City ដើម្បីបន្តនៅក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជើងឯកអង់គ្លេសរដូវកាល២០១៧-២០១៨ រហូតដល់ឆ្នាំ២០២១ ក្រោយពីជួបរដូវកាលដ៏ប្រកបដោយកំណត់ត្រាមួយ ដោយក្លិបនេះ បានឈ្នះពាន Premier League ជាមួយនឹងពិន្ទុដាច់យ៉ាងឆ្ងាយពីក្រុមលេខ២។
លោក Pep Guardiola បានដឹកនាំឲ្យជួបយុទ្ធនាការជាប្រវត្តិសាស្ត្រមួយ ខណៈដែលក្លិប Man City បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់អង់គ្លេស ក្នុងការរកបាន ១០០ពិន្ទុ ក្នុងក្របខ័ណ្ឌកំពូល ដើម្បីបន្ថែមពាននេះទៅលើពាន League Cup របស់ពួកគេ។ គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះបានអះអាងថា ទំនាក់ទំនងដ៏ខ្លាំងរបស់លោក ជាមួយនឹងក្រុមយុវជនរបស់ Man City បានធ្វើឲ្យលោកមានការជឿជាក់ ក្នុងការបន្តកិច្ចសន្យានៅឯកីឡដ្ឋាន Etihad។
លោក Guardiola បាននិយាយក្រោយចុះកុងត្រាថា «ខ្ញុំពិតជារំភើបណាស់។ វាជាការរីករាយមួយក្នុងការអាចធ្វើការនៅទីនេះ។ ខ្ញុំពិតជារីករាយក្នុងការធ្វើការ ជាមួយនឹងកីឡាកររបស់យើងជារៀងរាល់ថ្ងៃ ហើយយើងនឹងព្យាយាមធ្វើការងារឲ្យ អស់ពីសមត្ថភាពរបស់យើងក្នុងរយៈពេលខាងមុខនេះ។ ក្នុងនាមជាអ្នកចាត់ការទូទៅ អ្នកត្រូវតែមានអារម្មណ៍ល្អជាមួយនឹងកីឡាករ ហើយខ្ញុំពិតជាមានអារម្មណ៍ល្អ»។
សូមបញ្ជាក់ថា លោក Guardiola នៅសល់រយៈពេល១រដូវកាលទៀតក្នុងកិច្ច សន្យារបស់លោកជាមួយនឹង Man City នៅមុនពេលចុះកុងត្រាថ្មីរយៈពេល២ឆ្នាំ។ លោកបាន មកដឹកនាំក្រុម Man City ក្រោយពីចប់កុងត្រានៅក្រុមអ្នកមានបុណ្យ Barcelona ដោយពេល ចូលដឹកនាំក្រុម Man City ភ្លាមឈ្នះពានលីកកំពូលអង់គ្លេសភ្លាម និងបានបំបែកកំណត់ត្រា នៅអង់គ្លេសក្លាយជាអ្នកក្រុមមានពិន្ទុ១០០ដំបូងនៅអង់គ្លេសនិងឈ្នះ៣២ប្រកួតជាប់ៗគ្នា ទៀតផង ៕ ដេវីត