ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវ១ខ្សែប្រវែង១៤០០ម៉ែត្រស្ថិតក្នុងភូមិចំនួន៣ សង្កាត់ព្រៃស ស្ថាបនាបាន៨០%ហើយ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវមួយខ្សែមានប្រវែង១៤០០ម៉ែត្រ ឆ្លងកាត់៣ភូមិ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ថាបនាបាន៨០%ហើយ។ ផ្លូវនេះបានស្ថាបនាតភ្ជាប់ពីចំណុចផ្លូវបេតុងចំការដូងព្រៃស ទៅដល់ចំណុចផ្លូវ៣០ម៉ែត្រឆ្ពោះទៅផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស និងជាប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃស បានបញ្ជាក់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២១ឧសភាថា ដោយមើលឃើញពីផលលំបាក់ផ្លូវនេះក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ផ្លូវនេះរងនូវការខូចខាតយ៉ាងខ្លាំងជង្ហុគជ្រៅនៅក្នុងរដូវធ្លាក់ភ្លៀងមានទឹកដក់ ហើយម្យ៉ាងមានរថយន្តដឹកទំនិញ រថយន្តកុងទីន័រឆ្លងកាត់ធ្វើឲ្យផ្លូវនេះមានសភាពទ្រុឌទ្រោមកាន់តែខ្លាំងទៅៗ ប្រជាពលរដ្ឋពីបាក់ធ្វើដំណើរទៅវត្តធម្មត្រ័យ ធ្វើបុណ្យទាននៅថ្ងៃសិល ថ្ងៃបុណ្យភ្ជុំ ចូលឆ្នាំម្តងៗផងដែរ។ លោកថា ក្នុងនាមលោកជាចៅសង្កាត់ក៏បានស្នើសុំទៅសាលារាជធានីភ្នំពេញ តាមរយៈសាលាខណ្ឌដង្កោ ដើម្បីស្ថាបនាផ្លូវ១ខ្សែនេះជូនដល់ប្រជាពលរដ្ឋ។

លោក ខាត់ សុខៃ បន្តថាក្រោយពីបានស្នើសុំរួចមកសាលារាជធានីក៏បានឯកភាព ហើយបានបើកការដ្ឋានស្ថាបនាផ្លូវនេះតាំងដើមខែមិនា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ផ្លូវនេះស្ថាបនាបាន៨០%ហើយ។ លោក ខាត់ សុខៃ បានបញ្ជាក់ឲ្យដឹងទៀតថា ផ្លូវ១ខ្សែនេះស្ថាបនាចាប់ពីចំណុចផ្លូវបេតុងចំការដូងព្រៃសតភ្ជាប់ទៅផ្លូវ៣០ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ គឺភូមិព្រៃសលិច ភូមិព្រៃសកើត និងភូមិធម្មត្រ័យ ស្ថិតក្នុងមូលដ្ឋានសង្កាត់ព្រៃស ខណ្ឌដង្កោ។ ផ្លូវនេះមានប្រវែង១៤០០ម៉ែត្រ និងទទឹង១១ម៉ែត្រ កម្រាស់២តិក ឆ្អឹងដែក១២លី ស្ថាបនាដោយក្រុមហ៊ុនរ៉ាដាណា ក្រោមការឧបត្ថម្ភថវិការបស់សាលារាជធានីភ្នំពេញ។

ដោយឡែកមន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុនរ៉ាដាណាក៏បានបញ្ជាក់បន្ថែមផងដែរថា ផ្លូវនេះស្ថាបនាបាន៨០%ហើយក្នុងរយៈពេលជិត២ខែកន្លងមក ហើយនឹងស្ថាបនារួចរាល់ជាស្ថាពរនៅខែក្រោយ ប្រសិនបើមិនមានការលំបាកក្នុងការកាយយកអាចម៍ដីស្អុយភក់ល្បាប់ និងមានការប៉ះពាល់ខ្លះៗនឹងទុយោទឹកដែលកប់ក្នុងដីនេះ។ ផ្លូវនេះមានកម្រាស់២តិក ឆ្អឹងដែក១២លីអាចទម្រទម្ងន់បានពី២៥តោនទៅ៣០តោន និងសង្ខាងផ្លូវដាក់ប្រព័ន្ធលូមុខកាត់១ម៉ែត្រផងដែរ៕ តាឡឹម


ចែករំលែក៖