ខេត្តសៀមរាប៖ ចោរជំនាញ ចាំតែលួច ម៉ូតូ របស់គេ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី ដេញតាម និងបោះដៃគ្រប់ច្រកល្ហក ព្រមទាំងបោះដៃឲ្យកម្លាំងស្រុក អង្គរធំ ជួយសហការតាមប្រម៉ាញ់ ខណៈពេលនោះជនសង្ស័យក្រឡេក ឃើញសមត្ថកិច្ច ក៏ផ្តួលម៉ូតូ ចោល ហើយរត់ ប៉ុន្តែ រត់មិនរួចពីកណ្តាប់ដៃប្រជាពលរដ្ឋ ចាប់បានប្រគល់ទាំងមនុស្ស និងម៉ូតូ ឲ្យសមត្ថកិច្ច បញ្ជូនទៅសួរនាំនៅអធិការស្រុកបន្ទាយស្រី ដើម្បីរៀបចំសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ ចាត់ការបន្ត ហេតុការនេះ ធ្វើឡើងនៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចត្រពាំងវៀនស្ថិត នៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ត សៀមរាប។
លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ បានប្រាប់ថា បន្ទាប់ពីកម្លាំងយើងបានទទួលព័ត៌មានពីជនរងគ្រោះ(ម្ចាស់ម៉ូតូ) ឈ្មោះ ពេជ្រ សុខពុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្ត សៀមរាប ថា មានករណីអំពើលួច(ចោរលួចយក ម៉ូតូ) យកទៅបាត់ កាលពីវេលាម៉ោង០៦និង០០ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ទើបកម្លាំងយើង ដេញតាមនិងបោះដៃគ្រប់ច្រកល្ហក ព្រមទាំងបោះដៃ ឲ្យទៅកម្លាំងអធិការនគរបាលស្រុកអង្គរធំ ជួយសហការតាមប្រម៉ាញ់ រហូតដល់ម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨ ទើប ឃាត់ខ្លួន បាន ទាំងមនុស្សនិងម៉ូតូ ស្ថិតនៅចំណុចភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះ នៅ ខាវី ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុង/ខេត្តសៀមរាបលួច ម៉ូតូម៉ាក ហុងដា C 125 ពណ៍ខ្មៅ ពាក់ស្លាក លេខ 1G 6611 កំពង់ចាម ពេលដែល ជនរងគ្រោះ បានទុកម៉ូតូ និង សោរ នៅគៀនផ្ទះមួយភ្លេត ហើយដើរចូលទៅក្នុងផ្ទះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ រហូតដល់ម៉ោង៩និង១០នាទី បានមកដាក់ពាក្យបណ្តឹងនៅអធិការស្រុកបន្ទាយស្រី។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែក ម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់ដើមវិញហើយ ៕ ប៊ុនរិទ្ធី