ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែងលោក ម៉ារ៉ា ប៊ុណ្ណា និងអ្នកនិពន្ធចម្រៀងម្នាក់បានផ្ទុះចេញជម្លោះជាពាក្យសម្តីធ្ងន់ធ្ងរ តាមរយៈសារឆ្លើយឆ្លងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ជម្លោះនេះកើតឡើងចេញពីលោក ម៉ារ៉ា ប៊ុណ្ណា ចោទប្រកាន់អ្នកនិពន្ធថាបានគេចវេសមិនផ្តល់បទចម្រៀងឲ្យក្រោយទទួលលុយអស់ពេលជាយូរ ។
អស់ការអត់ទ្រាំ នឹងការគេចវេះ មិនផ្តល់បទចម្រៀងតាមការសន្យា តារាចម្រៀងម៉ារ៉ា ប៊ុណ្ណា បានបញ្ចេញសារមួយដ៏ខ្លីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៅកាន់អ្នកនិពន្ធម្នាក់ឈ្មោះAek Audios រហូតលេចចេញជម្លោះជាពាក្យសម្តីជាហូរហែរចោទប្រកាន់គ្នាទៅវិញទៅមក ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាតារាចម្រៀង និងអ្នកនិពន្ធទាំងពីរនាក់បាននៅឡើយទេ ប៉ុន្តែតាមរយៈសារឆ្លើយឆ្លងគ្នាគេអាចយល់បានថាតារាចម្រៀងម៉ារ៉ា ប៊ុណ្ណាបានជួលឲ្យអ្នកនិពន្ធរូបនេះក្នុងតម្លៃ៥០ដុល្លារអាមេរិកក្នុងការនិពន្ធបទចម្រៀងឲ្យខ្លួនមួយបទ ប៉ុន្តែដោយការទន្ទឹងរង់ចាំជាយូរ ទើបតារាចម្រៀងរូបនេះអស់ការអត់ទ្រាំ ។
តបតាមការបង្ហោះនេះ អ្នកនិពន្ធរូបនេះបានលើកឡើងថា លោកមិនមានពេលវេលាគ្រប់គ្រាន់ និងធ្លាប់យោគយល់ច្រើនចំពោះតារាចម្រៀងរូបនេះកន្លងមក ហើយសូម្បីតម្លៃនៃការនិពន្ធ ក៏មានតម្លៃមួយដែលយោគយល់ខ្លាំងផងដែរ ។ សារដ៏វែងឆ្ងាយដែលលាយឡំដោយពាក្យឌឺដងផ្លែផ្កា តិះដៀលគ្នា ចង់ចាញ់ចង់ឈ្នះរៀងខ្លួន ។
ទោះជាយ៉ាងណា សារជម្លោះផ្ទុះឡើងកណ្តាលរាត្រីនេះត្រូវបានលោក ម៉ារ៉ា ប៊ុណ្ណា លុបចេញវិញនៅព្រឹកថ្ងៃទី ២២ ខែឧសភានេះ ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើមានការសម្របសម្រួលគ្នាឬយ៉ាងណានៅឡើយទេ ៕ វឌ្ឍនា