ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំជាមន្រ្ដីជើង១០អសមត្ថភាពក្នុងការបង្រ្កាបបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បទល្មើសដឹកជញ្ជូនអនុផលព្រៃឈើចេញពីព្រៃអង់តែនយ៉ាងភ្លូកទឹកភ្លូកដីបែរជាលោកនាយខណ្ឌរដ្ឋបាលព្រៃ ឈើអង្គុយចាំទទួលលាភសក្ការៈក្នុងការិយាល័យទៅវិញមិនខុសពីសម្ដេចមានប្រសាសន៍ថា ជាមន្រ្ដីជើង១០នោះទេ ។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា បច្ចុប្បន្នលោក ប៊ុន សុធីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំជំនួសលោក តឹប ញាតា ដែលត្រូវដកចេញនោះកំពុងប្រើតួនាទីនិងអំណាច របស់ខ្លួនប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងក្រអឺតក្រទមដោយមិនចាត់វិធានការ បង្ក្រាបបទល្មើសតាមតួនាទីរបស់ខ្លួននោះទេ ។

ប្រភពបានឲ្យដឹងទៀតថា ទំនងជា លោក ប៊ុន សុធី ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជានាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំហើយ ទើបខំប្រឹងប្រមូលលុយស្រង់ដើមដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រការនេះហើយដែលធ្វើឲ្យបទល្មើសកាប់ឈើ និងដឹក ជញ្ជូនឈើខុសច្បាប់ក្នុងខេត្តកំពង់ធំក៏ដូចជាបទល្មើសដឹកជញ្ជូនឈើពីខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំនៅតែកើតឡើងពេញបន្ទុក ។

ថ្មីៗនេះឈ្មួញជាច្រើននាក់កំពុងសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ស្រុកសណ្ដាន់ និងព្រៃអង់តែន យ៉ាងគគ្រឹកគគ្រេងហើយមិនឃើញលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំចាត់វិធានការបង្ក្រាបតាមតួនាទី របស់ខ្លួននោះទេ ។

ទន្ទឹមនឹងនេះមានក្រុមជនល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃ អង់តែនក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ យ៉ាង រង្គាលហើយលោក ប៊ុន សុធី និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកសន្ទុកនាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។

ប្រជាពលរដ្ឋបានរិះគន់ចំៗថា ក្រោយ ពេលលោក ប៊ុន សុធី ចូលកាន់តំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំគឺបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើនៅស្រុកសណ្ដាន់ ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកប្រាសាទសំបូរពុំមានការថយចុះឡើយ។ ផ្ទុយទៅវិញបទល្មើសនេះបាន រាលដាលកាន់តែខ្លាំងលើសមុនទៅទៀត។

សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំបានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើពីខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ ខេត្ត សៀមរាបឆ្លងកាត់ខេត្តកំពង់ធំដែលនៅតែកើតឡើងយ៉ាងពេញបន្ទុកគឺជាប្រភព ចំណូលដ៏សំខាន់របស់លោក ប៊ុន សុធី ព្រមទាំងបក្ខពួកមួយចំនួន។ ហេតុនេះ ហើយទើបលោក ប៊ុន សុធី នៅតែឃុបឃិត ឲ្យមានបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំយ៉ាងគឃ្លើន ពិសេសនៅពេល យប់ ហើយថ្មីៗកន្លងទៅនេះរឿងអាស្រូវ ពុករលួយរបស់លោក ប៊ុន សុធី ក៏ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ផងដែរ ។

លោក ប៊ុន សុធី ធ្លាប់បានឆ្លើយតបក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានទាំងក្រអឺតក្រទមថា លោកនឹងប្ដឹង អ្នកដែលផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងលោក។ នេះប្រហែលជាលោក ប៊ុន សុធី ក្រពុលមុខខ្លាំងហើយមើលទៅជុំវិញការរិះគន់ពីសំណាក់មហាជនដែលលោកស្រង់ដើមនោះ ។

ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម និងលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើក្រសួងកសិកម្មមិនគួរមើល រំលងភាពអសកម្ម និងអំពើពុករលួយរបស់ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនោះឡើយ។ ដោយហេតុ ថា ចាប់តាំងពីលោក ប៊ុន សុធី ចូលកាន់ តំណែងជាមេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ គឺបទល្មើសព្រៃឈើនៅខេត្តនេះបន្តកើតឡើងយ៉ាងពេញបន្ទុកដដែល ហើយមជ្ឈ ដ្ឋាននានាបានរិះគន់ថា លោក ប៊ុន សុធី កំពុងប្រមូលលុយស្រង់ដើមដោយគ្មាន ខ្លាចក្រែងអ្វីទាំងអស់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖