ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានបូមខ្សាច់មួយកន្លែងនៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យបង្កឲ្យអ្នកភូមិក្តៅក្រហាយ

ចែករំលែក៖

ភ្នំពេញ ៖ អាជីវកម្មបូមខ្សាច់មួយកន្លែង ស្ថិតនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ដ្រភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យបានបើកដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយសារកន្លងទៅមានផលប៉ះពាល់ដល់ដីប្រជាពលរដ្ឋនៅក្បែរនោះក៏ ដូចធ្វើឲ្យខូចផ្លូវសាធារណៈផងទើបទីតាំង បូមខ្សាច់នេះអាជ្ញាធរខណ្ឌធ្លាប់ចុះទៅផ្អាកអាជីវកម្មរួចម្ដងហើយ តែក្រោយមកត្រូវ បានបើកដំណើរការឡើងវិញយ៉ាងរលូនដែលជាហេតុនាំឲ្យមានការរិះគន់ពីសំណាក់ពលរដ្ឋថា អាជ្ញាធរអាចត្រូវថ្នាំរបស់ថៅកែបូមខ្សាច់នោះ ។

ឆ្លើយតបទៅនឹងការរិះគន់នេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានបកស្រាយថា អាជ្ញាធរខណ្ឌគ្មានសិទ្ធិផ្ដល់ច្បាប់ឲ្យនោះទេតែគេមានច្បាប់ពីថ្នាក់លើមកវិញ ។

ប្រជាពលរដ្ឋបានរិះគន់ថា បើអាជ្ញាធរ គ្មានសិទ្ធិឲ្យច្បាប់ ប៉ុន្ដែបែរជាមានសិទ្ធិបិទអាជីវកម្មបានទៅវិញ ដល់ពេលម្ចាស់អាជីវកម្មរត់ការជួបចុះឡើងៗទើបបើកដំណើរការឡើងវិញបាន។ ពេលដំណើរការឡើងវិញហើយនោះទោះបីប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅក្បែរនោះយ៉ាងណាក៏អាជ្ញាធរមិនរវីរវល់អើពើដែរ ។

ប្រជាពលរដ្ឋបានលើកឡើងថា មិន ត្រឹមតែប៉ះពាល់ដីស្រែចម្ការរបស់ពួកគាត់ប៉ុណ្ណោះទេការដឹកជញ្ជូនខ្សាច់យកចេញពីការដ្ឋានវាបានធ្វើឲ្យខូចខាតផ្លូវក្នុងភូមិរបស់ពួកគាត់ទៀតផង។ បើខែប្រាំងវិញហុយដីចូលផ្ទះរបស់ពួកគាត់និងស្រក់ទឹកតាមដងផ្លូវ ហើយបើខែធ្លាក់ភ្លៀងធ្វើឲ្យផ្លូវស្រុតមាន ជង្ហុកយូរៗទៅខូចផ្លូវពិបាកធ្វើដំណើរ ។

អាជីវកម្មបូមខ្សាច់នេះបានដំណើរការអស់រយៈពេល២ឆ្នាំមកហើយកាលមុនដំបូងមានការរអាក់រអួលបន្ដិចបើកបិទៗ ព្រោះ មិនទាន់ត្រូវគ្នា ដល់ក្រោយៗមកទៀតទើបដំណើរការបានរលូនល្អព្រោះតែសែនត្រូវ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា មុន ដំបូងម្ចាស់អាជីវកម្មនេះត្រូវបានគេស្គាល់ឈ្មោះ គីនីន ដែលកាលណោះដំណើរការ មិនសូវល្អទេដល់ពេលដូរថៅកែថ្មីដែលគេ ស្គាល់ឈ្មោះហេង ទើបដំណើរការបាន រលូនរហូតមកដល់សព្វថ្ងៃនេះ ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញា មូលដ្ឋាន ជាពិសេសសង្កាត់ ខណ្ឌមេត្តាជួយ រកដំណោះស្រាយដល់ពួកគាត់ផងព្រោះថាដីស្រែចម្ការរបស់ពួកគាត់នៅក្បែរៗការដ្ឋានបូមខ្សាច់នោះត្រូវបានទឹកដែលគេបូមខ្សាច់ហូរលិចផ្ទៃដីពួកគាត់មិនអាចដាំដុះអ្វីបានឡើយ ។

គួរបញ្ជាក់ថា ករណីខាងលើនេះអ្នក យកព័ត៌មានកាសែតនគរវត្តបានទាក់ទងតាមរយៈទូរស័ព្ទទៅលោក សេង គន្ធ ចៅ សង្កាត់បឹងធំដោយលោកបាននិយាយថា ទីតាំងបូមខ្សាច់ខាងលើលោកក៏ដឹងដែរ ប៉ុន្តែលោក ហែម ដារិទ្ធ ជាអ្នកសុីញ៉េឲ្យ ច្បាប់។ ចំណែកលោក ហែម ដារិទ្ធ អភិ បាលខណ្ឌពោធិ៍សែនជ័យបានប្រាប់តាមទូរស័ព្ទដែរថា ថ្នាក់លើជាអ្នកអនុញ្ញាត ច្បាប់ឲ្យ ៕ ហេង សូរិយា


ចែករំលែក៖