ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិត «ហនុមាន មាស២០១៨» កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បានចេញ សេចក្តីជូនដំណឹងដល់ក្រសួង ស្ថានប័ននិង អាជ្ញាធរដែនដីរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កែប កំពត និងខេត្តកំពង់ស្ពឺ ព្រម ទាំងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលសូមកុំឲ្យមានការភ័យខ្លាច ឬភ្ញាក់ផ្អើល ចំពោះសំឡេងផ្ទុះ និងការចល័តយុទ្ធោ បករណ៍យោធា ព្រោះកងយោធពលខេមរភូមិន្ទបានធ្វើលំហាត់បាញ់គ្រាប់ពិតនៅតំបន់ ជ្រលងភ្នំក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដែលចាប់ផ្តើមពីថ្ងៃទី ២០ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ។
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិត «ហនុមានមាស២០១៨» លេខ២១១/ ស.ជ.ណ. ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៨បានឲ្យដឹងថា គណៈកម្មការដឹកនាំលំហាត់បាញ់គ្រាប់ពិត «ហនុមានមាស ២០១៨» នៃកងយោធពលខេមរភូមិន្ទនឹងធ្វើការបាញ់គ្រាប់ពិតកាំភ្លើងប្រតិកម្ម BM-21 កាំភ្លើងប្រភេទ១៥២មិល្លីម៉ែត្រ និង កាំភ្លើង១២២មិល្លីម៉ែត្រ ដែលជាប្រភេទ កាំភ្លើងរយៈមធ្យមនៅតំបន់ជ្រលងភ្នំ ក្នុង ភូមិសាស្ត្រខាងលើ ។
គណៈកម្មការដឹកនាំបាញ់គ្រាប់ពិតបានអំពាវនាវដល់លោក លោកស្រី ប្រជាពល រដ្ឋ ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សូមកុំមានការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយុទ្ធោបករណ៍ យោធានដែលនៅតាមកម្មវិធីនិងទីកន្លែងខាងលើ ។
ដើម្បីធានាសុវត្ថិភាពគណៈកម្មការដឹក នាំលំហាត់អំពាវនាវដល់អាជ្ញាធរដែនដី ដែលមានការពាក់ព័ន្ធ និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលជួយផ្សព្វផ្សាយព័ត៌ អំពីលំហាត់បាញ់គ្រាប់ពិតនេះ ព្រមទាំង ហាមឃាត់ប្រជាពលរដ្ឋ និងការហោះហើរចូលតំបន់បាញ់គ្រាប់ពិតតាមពេលវេលា ដូចខាងលើ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ការបាញ់គ្រាប់ពិត «ហនុមាន មាស២០១៨»នេះបាននិងកំពុងធ្វើឡើង នៅតំបន់ភ្នំ ក្នុងភូមិត្រពាំងវែង ឃុំត្រពាំង រាំង ស្រុកជុំគិរី ខេត្តកំពត ត្រង់ចំណុច ០៧៣៣ មកតំបន់ជ្រលងភ្នំ, ចំណុចកម្ពស់ ៥០៣ និងចំណុច១៨២៨ ស្ថិតក្នុងស្រុក ជុំគិរី ខេត្តកំពត ។
នាយឧត្តមសេនីយ៍បានបន្តថា សមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំនេះនឹងចាប់ពី ថ្ងៃទី២០ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។ «ហនុមានមាស២០១៨» មានទ្រង់ទ្រាយធំជាងមុនដែលធ្វើឡើង ដើម្បីបង្កើនសមត្ថភាពនិងដើម្បីត្រួតពិនិត្យ សមត្ថភាពកងទ័ពកម្ពុជា ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បាន បញ្ជាក់ថា ប្រភេទអាវុធដែលប្រើប្រាស់ក្នុង លំហាត់នេះរួមមានដូចជា ប្រភេទកាំភ្លើង ប្រតិកម្ម (កាំជ្រួចហ្វូង) BM-21, កាំភ្លើង ១៥២មិល្លីម៉ែត្រ និងកាំភ្លើង១២២មិល្លី ម៉ែត្រ និង១៥២មិល្លីម៉ែត្រ ដែលជាប្រភេទកាំភ្លើងធំបាញ់រយៈមធ្យម។ ការបាញ់គ្រាប់ ពិតនឹងធ្វើឡើងជារៀងរាល់ថ្ងៃចាប់ពីថ្ងៃ ដំបូងរហូតដល់ថ្ងៃបិទបញ្ចប់ «ហនុមាន មាស២០១៨» ៕ ហេង សូរិយា