ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា រហូតដល់ចុងខែឧសភានេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជានិងក្រសួងការងារថៃបានរួមគ្នាផ្តល់ភាពស្របច្បាប់ ជូនពលករកម្ពុជាបានជាង៣០ម៉ឺននាក់រួចហើយក្នុងចំណោមពលករជាង៤០ម៉ឺននាក់ដែលកំពុងបម្រើការងារដោយខុសច្បាប់ នៅក្នុងប្រទេសថៃ។ ពលករកម្ពុជាខុស ច្បាប់ប្រមាណ១០ម៉ឺននាក់នោះនឹងត្រូវក្រុមការងារភាគីទាំង២បន្តផ្តល់ភាពស្របច្បាប់ ដែលគ្រោងនឹងបញ្ចប់ត្រឹមខែមិថុនាខាង មុខនេះ ។
ក្រសួងការងារប្រកាសថា កិច្ចព្រមព្រៀង នេះធ្វើឡើងផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងព្រះរាជាណាចក្រកម្ពុជានឹង ព្រះរាជាណាចក្រថៃលើវិស័យការងារ និង វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពិសេសស្ថិតក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមាន ប្រសាសន៍នៅក្រោយជំនួបពិភាក្សាការងារជាមួយលោក Panyarak Poolthup ឯកអគ្គ រាជទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ការងារថា ពលករកម្ពុជាដែលបម្រើការងារ ដោយគ្មានឯកសារស្របច្បាប់ក្នុងប្រទេសថៃពីមុនមកនោះ ឥឡូវនេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ និងកំពុងបន្តធ្វើកិច្ចការនេះឱ្យបានរួចរាល់នៅមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ។
លោករដ្ឋមន្ត្រីបានបន្តថា កន្លងទៅកម្ពុជាបានបញ្ជូនក្រុមការងារអន្តរក្រសួងជាង៣០០នាក់ទៅកាន់មជ្ឈមណ្ឌលចំនួន ៣នៅទីក្រុងបាងកក ខេត្តបុទុមឋានី និង ខេត្តរ៉ាក់យ៉ង ប្រទេសថៃដើម្បីធ្វើកិច្ចសហ ប្រតិបត្តិការជាមួយភាគីថៃផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលមកដល់ ពេលនេះអាចចាត់ទុកថាទទួលបានលទ្ធ ផលជោគជ័យ ពោលគឺនៅសេសសល់ខ្លះ កំពុងបន្តនីតិវិធីផ្តល់ជូន ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពាក់ កណ្តាលខែមិថុនា ក្នុងឆ្នាំនេះលោកនឹងដឹក នាំគណៈប្រតិភូក្រសួងការងារទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃដើម្បីពិនិត្យ ចុងក្រោយនិងដោះស្រាយបញ្ហាដែលនៅសេសសល់។ ក្រៅពីនេះលោកក៏ខិតខំជំរុញ ល្បឿននៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈក៏ដូចជាវិស័យដទៃទៀតឱ្យបានល្អ និងមានប្រសិទ្ធភាព ។
ទន្ទឹមគ្នានោះលោកឯកអគ្គរាជទូតថៃប្រចាំកម្ពុជាក៏បានអបអរសាទរចំពោះការបើកច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជានៅ ខេត្តបាត់ដំបងដើម្បីរំលែកការធ្វើដំណើរ ដោយស្របច្បាប់របស់ពលករកម្ពុជាពី ច្រកប៉ោយប៉ែតទៅតាមច្រកថ្មីនេះស្រប តាមកិច្ចសហប្រតិបត្តិការដោយរលូន និង ឈ្នះ=ឈ្នះទៅវិញទៅមក ៕ ហេង សូរិយា