ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះព្រំដីខឹងខ្លាំងពេកគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ស្រ្ដីម្នាក់ខណៈមានជម្លោះរឿងព្រំដីជាមួយអ្នកជិតខាង ខឹងខ្លាំងពេករហូតដល់គាំងបេះដូងដួលស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងដឹង៣និង៤៥នាទីរសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។

សពស្ត្រីរងគ្រោះឈ្មោះ ហ៊ូ ភ័ណ អាយុ៤៦ឆ្នាំ រស់នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ គីម ធី អាយុ៤៦ឆ្នាំ ជាប្ដីស្ត្រីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៧និង៣០នាទីនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ប្រពន្ធរបស់គាត់ កូនៗ ចំនួន៦នាក់ និងអ្នកភូមិ៤នាក់ទៀតបាននាំគ្នាទៅចម្ការនៅតំបន់ត្រពាំងក្ដារចម្ងាយប្រហែល ៣គីឡូម៉ែត្រ ខាងលិចភូមិខ្វាន់ទៀង ដើម្បីទៅមើលត្រាក់ទ័រភ្ជួរដីធ្វើរងដាំកូនស្វាយចន្ទី ។ លុះដល់ម៉ោងប្រហែល៣រសៀលស្រាប់តែឃើញឈ្មោះ អឿ ប៊ុនលាង ភេទប្រុស រស់នៅភូមិជាមួយគ្នាបានមកឃាត់មិនឲ្យត្រាក់ទ័រភ្ជួរទេ ដោយប្រាប់ថា ភ្ជួរចូលដីគេ។ ពេលនោះប្រពន្ធរបស់គាត់បានប្រកែកគ្នាជាមួយឈ្មោះ លាង ហើយ ឈ្មោះ លាង ថែមទាំងបានយកម៉ែត្រមកទាញវាស់ដីនោះជាមួយកូនប្រុសរបស់ខ្លួន និងបានទាស់ពាក្យសម្តីគ្នាខ្លាំងៗ តែមិនមានវាយតប់គ្នាទេ។ ក្រោយពីប្រកែកគ្នាយ៉ាងតឹងសរសៃកហើយឈ្មោះ លាង ក៏ដើរចេញទៅ ស្រាប់តែឃើញប្រពន្ធរបស់គាត់ដួលទៅនឹងដី។ ឃើញដូចនោះគាត់ក៏រត់ទៅបី យកទៅសង្គ្រោះនៅមណ្ឌលសុខភាពសាលាវិស័យ តែគ្រូពេទ្យបានប្រាប់ថា ប្រពន្ធគាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាវិស័យ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន ដោយសារស្ត្រីរងគ្រោះ ខឹងខ្លាំងពេក ។

ក្រោយពីពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖