ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្រុមអ្នកលេងកាំបិតនិងដាវសាំម៉ូរ៉ៃ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកលេងកាំបិតនិងដាវសាំម៉ូរ៉ៃ ៥នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀតដែលកំពុងរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់ ក្រោយធ្វើសកម្មភាពចូលទៅកាប់ជនរងគ្រោះ២នាក់ឪពុកនិងកូនដល់ក្នុងផ្ទះយ៉ាងសាហាវ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាប់ពីបញ្ជប់នីតិវិធីសាកសួរជនដៃដល់ទាំង៥នាក់ខាងលើនេះរួច នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងបានបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាំង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធករណី ប៉ុងប៉ងឃាតកម្ម ។

ជនដៃដល់ទាំង៥នាក់មានឈ្មោះ៖ ទី១ ថាញ់ ញ៉ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ ទី២- ឈ្មោះ គីម ជី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់បុក ល្ហុង ទី៣- ឈ្មោះ សេង កាត់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ប្រហិត «របួស ពោះខាងស្តាំ», ទី៤- ឈ្មោះ សេង ស៊ីថន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់បបរ និងទី៥-ឈ្មោះ គីម យី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលក់បុកល្ហុង របួសដាច់ ម្រាមដៃ៣ខាងឆ្វេង រយះក្បាលកំពុង សម្រាកព្យាបាលនៅពហុព្យាបាលចោម ចៅ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យ ។ ចំណែកជនរង ២នាក់ ទី១ឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរបើកបររថយន្ត ជាឪពុក និងទី២ឈ្មោះ អ៊ឹម ផានិត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនិសិ្សត ជាកូន បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយសាររងរបួសធ្ងន់ធ្ងរ ។

គួរបញ្ជាក់ផងដែរថា ករណីគឺកើតឡើងដោយសារតែបក្ខពួកក្រុមជនដៃដល់យល់ច្រលំថាប្អូនរបស់ខ្លួន បានរត់លេងនៅមុខផ្ទះរបស់ជនរងគ្រោះពេលនោះក៏ត្រូវឆ្កែមួយក្បាលបានស្ទុះទៅ ខាំក្មេងនោះហើយក្រុមជនដៃដល់បានទៅសួរនាំជនរងគ្រោះថា ម៉េចមិនមើលឆ្កែផង ។ ប៉ុន្តែជនរងគ្រោះបានឆ្លើយតបទៅវិញថា ឆ្កែនោះមិនមែនជាឆ្កែរបស់ខ្លូនទេ ។​ បន្ទាប់មកភាគីទាំង២ក៏បានឈ្លោះ​ប្រកែក​គ្នាហើយពេលនោះម្តាយក្មេករបស់​ភាគី​ខាងរងគ្រោះ​​​ប​ាន​ឆ្លើយថ​ា កុំឱ្យពិបាកចាំខ្ញុំចេញថ្លៃព្យាបាល​ឱ្យ ។ ខណៈនោះក្រុមជនបង្កបានឆ្លើយថា (មិនបាច់យកលុយមិនបាច់អីទេលែង​ ចង់​បានលុយហើយ)។ លុះមកដល់ថ្ងៃ កើតហេតុខណៈជនរងគ្រោះកំពុងមើល ទូរទស្សន៍ស្រាប់តែក្រុមជនបង្កបានហៅ បក្ខពួកគ្នាជិត១០នាក់ ចូលទៅកាប់ជនរង​គ្រោះ​ទាំង២នាក់ឪពុក និងកូនបណ្តាល ​ឲ្យ​រងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុ ក្រុមជនបង្កត្រូវនគរបាលតាមចាប់បានជាបន្តបន្ទាប់ចំនួន៥នាក់​និងដកហូតបានវត្ថុតាង​មួយ​ចំនួនរួមមានកាំបិតប៉័ងតោ១ដើម​ដាវ​១​មួយ​ដើមដែកបំពង់ទីបមូល១ដើមម៉ូតូ​ជាប់​​​រទេះ​សម្រាប់អូសលក់ដូរ១គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរតាមនីតិវិធី រួចបញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់ ហើយចាំមើលតើវាសនាពួកគេ អាចជាប់ពន្ធធានាគារយះពេលប៉ុន្មានឆ្នាំម្នាក់ ព្រោះតែការមិនចេះអធ្យាស្រ័យគ្នាទៅវិញទៅមកចំពោះអ្នកជិតខាង ៕ ស តារា


ចែករំលែក៖