ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះក្មេងប្រុស២នាក់ ខណៈលង់ទឹកស្រះខាងក្រោយផ្ទះបណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតសង្គ្រោះទាន់ពេលដឹកមកកាន់មន្ទីរពេទ្យបង្អែក ស្រុករមាសហែក។
ហេតុការណ៏លង់ទឹកនេះបានកើតឡើងកាលពី វេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាល ស្រុករមាសហែកបានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះ វ៉ាន់ សាវាន អាយុ៦ឆ្នាំ មានឪពុកឈ្មោះអ៊ុក សាវន អាយុ32ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ប៉ុល ស៊ីណា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
ចំណែកក្មេងប្រុសដែលជួយសង្គ្រោះទាន់ពេលវេលា មានឈ្មោះ ប៉េះ ភាន អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ប៉េះ សេន អាយុ៣១ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ខែក ស៊ីណា អាយុ២៩ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំជាមួយគ្នា ។
តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមានក្មេងប្រុស២នាក់ បាននាំគ្នារត់ប្រឡែង និងចុះមុជទឹកស្រះខាងក្រោយផ្ទះប្រមាណជា១៥នាទីស្រាប់តែមានការភ្ញាក់ផ្អើល និងស្រែកហៅអ្នកភូមិជួយសង្គ្រោះរូបខ្លួនទើបឮដល់ក្រុមគ្រួសារនាំគ្នាជួយអន្តរាគមន៏ប្រញាប់ប្រញាលចុះមុជ និងលើកមកដាក់លើគោក និងធ្វើចលនាដៃជើង ប៉ុន្តែអកុសលក្មេងប្រុសឈ្មោះវ៉ាន់ សាវាន ដោយសភាពធ្ងន់ពេកក៏បានបាត់បង់ជីវិត ម្នាក់ទៀតសង្គ្រោះទាន់ពេលនៅមន្ទីរពេទ្យបង្អែក ស្រុករមាសហែក។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចមូលដ្ឋានបានប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន