ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវជិះម៉ូតូសង់ស៊េរីទំនើបលឿនពេកបុកម៉ូតូគុបពីក្រោយបណ្តាលឲ្យរងរបួស២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកតាអាយុជាង៨០ឆ្នាំទៅហើយបានរងរបួសធ្ងន់ធ្ងរ និងយុវជនម្នាក់ទៀតរបួសធ្ងន់ដូចគ្នា ដោយសារតែយុវជនស្ទាវខាងលើបានជិះម៉ូតូសង់ស៊េរីទំនើប១គ្រឿងលឿនដូចហោះ ទៅបុកម៉ូតូគុបលោកតាអាយុជាង៨០ឆ្នាំទៅហើយនោះពីក្រោយពេញទំហឹង បណ្តាលឲ្យដួលរណូករណែល កាលពីវេលាម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៤២ទៅលេខ-៤៣ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១L.៩៨៧៩ អ្នកបើកបរឈ្មោះ សុខ ស៊ីថូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់ នៅក្នុងភូមិទន្លេរកន្ទឹល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើដំណើរដោយម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត ក្នុងល្បឿនលឿន លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ៩០ (គុបជ្រុង)ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភព១.៦៥១២ អ្នកបើកបរឈ្មោះ អៀង ហ៊ី ភេទប្រុស អាយុ៨៣ឆ្នាំ (ជរាទៅហើយ) រស់នៅក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នាបុកពីក្រោយពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូសេ៩០ លោកតាចាស់ជរាអាយុ៨៣ឆ្នាំ ទៅហើយនោះ រងរបួសធ្ងន់ធ្ងរ និងអ្នកបើកម៉ូតូសេ១២៥ រងរបួសធ្ងរផងដែរ។

ក្រោយកើតហេតុ នគរបាលជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗផងដែរ ។ នគរបាលជំនាញបាននិយាយបន្តទៀតថា អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្តិភាពនោះទេ ប៉ុន្តែមាន ដាក់កញ្ចក់មើលក្រោយ ខូចខាតម៉ូតូចំនួន០២គ្រឿង។

បន្ទាប់ពីវាស់វែងរួចរាល់ហើយវត្ថុតាងម៉ូតូទាំង០២គ្រឿងត្រូវបានជំនាញដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនា សក្តិ

 


ចែករំលែក៖