ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចោទថា ប្រធានរដ្ឋបាលព្រៃឈើរបស់លោកអ៊ុង សំអាត ខ្សោយទៅចុះ, ប៉ុន្តែអាជ្ញាធរខេត្តកំពង់ធំរបស់លោកសុខ លូ ក៏កាន់តែខ្សោយណាស់ដែរ ក្នុងបញ្ហានៃការបង្ក្រាបបទល្មើសព្រៃឈើ ។ សម្រាប់ប្រជាពលរដ្ឋមួយចំនួននៅខេត្តកំពង់ធំ ជាពិសេសស្រុកសន្ទុកយល់ឃើញថា អាជ្ញាធរខេត្តនេះផ្តេកផ្តួលជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើក្នុងផលប្រយោជន៍ណាមួយ ទើបនៅស្ងៀម មិនព្រមចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ននេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃអង់តែន កើតឡើងច្រើនជាងមុនទៅទៀតដោយសារតែមន្ត្រីរដ្ឋបាលព្រៃឈើមិនចាត់វិធានការបង្ក្រាបទៅតាមតួនាទីរបស់ខ្លួន។ គេរាយការណ៍ថាលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលចូលកាន់តំណែងជំនួសលោក តឹប ញាតា កំពុងតែខំប្រឹងប្រមូលលុយស្រង់ដើមហើយមិនចាត់វិធានការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ដែលកើតឡើងយ៉ាងរាលដាលនោះទេ។ ការដែលលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងជាពិសេសលោកសុខ លូ អភិបាលខេត្តតែម្តង។
ប្រភពពីសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្ដាហ៍កន្លងទៅនេះក្រុមឈ្មួញនិងក្រុមជនល្មើសបានប្រើប្រាស់រថយន្តនិងគោយន្តច្នៃដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអង់តែន ឆ្លងកាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រយា យ៉ាងពេញបន្ទុកហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើចាត់វិធានការបង្ក្រាបឡើយ។ ប្រការនេះហើយដែលធ្វើឲ្យព្រៃអង់តែន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះមន្ត្រីបរិស្ថាន គឺជាអ្នកអនុញ្ញាតឲ្យឈ្មួញចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃតាមអំពើចិត្ត ហើយមន្ត្រីរដ្ឋបាលព្រៃឈើមិនចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នោះទេ។ ទន្ទឹមនឹងនេះក្រុមឈ្មួញនិងក្រុមជនល្មើសដែលដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រយា បានឲ្យដឹងថា ពួកគេបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាមន្ត្រីបរិស្ថានតាមការកំណត់ទើបអាចចៀសផុតពីការបង្ក្រាបយ៉ាងសុខស្រួល។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំដងកាំបិត ឃុំមានរិទ្ធ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នក្រុមឈ្មួញនិងក្រុមជនល្មើសនៅតែបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងរាលដាល ហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើចាត់វិធានការបង្ក្រាបនោះទេ។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ បានរិះគន់ថានៅពេលប្រជាពលរដ្ឋដឹកអុសឬដឹកឈើបន្តិចបន្តួចយកទៅជួសជុលផ្ទះសម្បែង គឺត្រូវមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតចាត់វិធានការបង្ក្រាបដោយគ្មានយោគយល់ឡើយ។ ប៉ុន្តែនៅពេលឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធំៗចំណុះរាប់សិបម៉ែត្រគូបចេញពីព្រៃឡង់ស្រុកសណ្ដាន់ ចូលទៅបណ្ដាស្រុកផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេង មិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបទាល់តែសោះ។ ការដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ គិតតែពីរឿងប្រមូលលុយពីបទល្មើសព្រៃឈើគឺជាប្រភពចំណូលរបស់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ តែម្តងហេតុនេះហើយទើបបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ កើតឡើងកាន់តែខ្លាំងថែមទៀត ។
ប្រជាពលរដ្ឋបានសន្និដ្ឋានថា ការដែលអាជ្ញាធរថ្នាក់ដឹកនាំខេត្តនៅស្ងៀម ឬធ្វើមិនដឹងមិនឮក្នុងបញ្ហបទល្មើសព្រៃឈើក្រោមក្រសែភ្នែករបស់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើនោះ ក៏ព្រោះតែថ្នាក់ដឹកនាំខេត្តបានសើមមាត់ប្រចាំខែជាមួយបទល្មើសនេះហើយ ទើបមិនចាត់ការ ។ ប្រជាពលរដ្ឋនិយាយថា បើរំពឹងទៅលើអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើគឺសូន្យឈឹងទៅហើយ ទំនងជាដេកបន់ឲ្យតែមានបទល្មើស ដើម្បីឲ្យកូនចៅបានយកដង្វាយទៅថ្វាយ ។ រីឯអាជ្ញាធរខេត្តកំពង់ធំក៏ផ្តេកផ្តួលរមួលផ្សំគ្រិចយ៉ាងនេះដែរ ៕ ហេង សូរិយា