ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងអប់រំចិត្តសាស្រ្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។
កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីសំណាក់អង្គភាពយោធភូមិភាគ ៥ ទិសជួរមុខ បញ្ជាការដ្ឋានកងរថក្រោះប្រចាំទិសបន្ទាយមានជ័យ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន ១៥៦នាក់ ។
កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងរយៈពេលមួយថ្ងៃពេញពេលព្រឹកឧទ្ទេសនាម និងធ្វើបទបង្ហាញដោយលោក តាន់ វីរៈវឌ្ឍន៍ សមាជិកទទួលបន្ទុកបណ្តោះបណ្តាល អប់រំអ្នកបោះឆ្នោត ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក ស៊ុត សុចន សមាជិកទទួលបន្ទុកសេវាកម្មច្បាប់ និងវិវាទកម្ម ប្រធានបទស្តីពីច្បាប់ បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត និងពេលរសៀល ឧទ្ទេសនាម និងធ្វើបទបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ប្រធានបទស្តីពី ក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងការងារអប់រំចិត្តសាស្រ្ត ៕ ហុឹម សសម