ខេត្តរតនគិរី៖ សាច់សត្វព្រៃ ដែលដាក់តាំងលក់យ៉ាងអនាធិបតេយ្យក្នុងផ្សារ ក្រុងបានលុង ត្រូវបានកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ចុះបង្ក្រាប និងដកហូតយកមកដុតកម្ទេចចោល ។
ការចុះបង្ក្រាប់នេះធ្វើឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។
សាច់សត្វព្រៃ ដែលកម្លាំងបង្ក្រាបបានសរុបចំនួន១៧២.៧គីឡូក្រាម ដែលដាក់តាំងលក់ក្នុងផ្សារ ក្រុងបានលុងស្ថិតក្នុង ភូមិជ័យជំនះសង្កាត់ឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរីត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរិបអូសយកមកដុតកម្ទេចចោល ។
កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានឲ្យដឹងថាសាច់សត្វព្រៃស្រស់ចំនួន១៧២.៧គីឡូក្រាម ក្នុងនោះមាន សាច់ប្រើស៩៣គីឡូក្រាម, សាច់ឈ្លូស៤៧គីឡូក្រាម, សាច់ជ្រូគព្រៃ៧គីឡូក្រាម, សត្វទន្សាយ៣ក្បាល៤.៥០គីឡូក្រាម, សត្វប្រម៉ា ១២គីឡូក្រាម និងសត្វត្រកួត៤ក្បាល ៩.២០គីឡូក្រាម ។
សមត្ថកិច្ចបានបន្តថា ការចុះបង្ក្រាបនេះមិនបានហៅម្ចាស់លក់សាច់សត្វព្រៃយកមកណែនាំធ្វើកិច្ចសន្យា និងផាកវិន័យទេ ពីព្រោះគ្រា ដែលចុះបង្ក្រាបនោះអ្នកលក់បានរត់គេចខ្លួនបាត់អស់ទៅហើយបន្សល់ទុកតែសាច់សត្វព្រៃ ដែលដាក់តាំងលក់លើតូប និងធុងក្លាសសេសាច់នៅតូបលក់តែប៉ុណ្ណោះ ហើយម្យ៉ាងទៀត គណៈកម្មាការផ្សារ មិនបានសហការណ៍ចង្អុលបង្ហាញពីអ្នកលក់សាច់សត្វល្មើសច្បាប់នេះទេដោយគ្រាន់តែឆ្លើយថាមិនស្គាល់អ្នកលក់តែប៉ុណ្ណោះ ។
ក្រោយពីរឹបអូសភស្ដុតាង សាច់សត្វព្រៃទាំងនោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងយកទៅដុតកម្ទេចចោលនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តនាវេលាម៉ោង១២និង៣០នាទីថ្ងៃដដែលផងដែរ៕ ជីវ័ន្ត