ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំសាសនាធំៗនៅខេត្តកោះកុងប្រកាសមិនទទួលស្គាល់លោកស្រី វ៉ា រ៉ាវី ធ្វើជាប្រធានមន្ទីរ

ចែករំលែក៖

ខេត្តកោះកុង ៖ មេដឹកនាំសាសនាធំៗចំនួន៣ក្នុងខេត្តកោះកុងបានចុះហត្ថលេខា និងបោះត្រាលើលិខិតរួមគ្នាផ្ញើជូនថ្នាក់ដឹកនាំខេត្តកោះកុងមិនទទួលស្គាល់លោកស្រី វ៉ា រ៉ាវី ធ្វើជាប្រធានមន្ទីរប្រសិនបើមានការតែងតាំងនាពេលខាងមុខនេះ ។

មេដឹកនាំសាសនាធំៗចំនួន៣ក្នុងខេត្ត កោះកុងដែលមានព្រះតេជគុណ ហេង សំបូរ មេគណខេត្តកោះកុង, លោក ហួរ សារឿន តំណាងគ្រឹស្តសាសនាប្រចាំខេត្តកោះកុង, លោក វណ្ណ សាលី គណៈអុីមាំ ខេត្តកោះកុងបាននាំគ្នាចុះហត្ថលេខា និងបោះត្រាលើលិខិតរួមគ្នាផ្ញើជូនថ្នាក់ដឹកនាំខេត្តកោះកុងរួមមាន លោក ប៊ុន លើត ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង, លោក កាយ សំរួម ប្រធានក្រុមប្រឹក្សា ខេត្តកោះកុង, លោកស្រី មិថុនា ភូថង អភិ បាលនៃគណៈអភិបាលខេត្តកោះកុងដោយសំណើប្រកាសមិនទទួលស្គាល់លោកស្រី វ៉ា រ៉ាវី បច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានមន្ទីរស្តីទីនៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុងមិនឲ្យធ្វើជាប្រធានមន្ទីរនោះ ឡើយប្រសិនបើមានការតែងតាំងនាពេលខាងមុខនេះ ។

ខ្លឹមសារនៅក្នុងលិខិតដែលបានចុះ ហត្ថលេខាកាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅបានបញ្ជាក់ពីមូលហេតុចំនួន៦ចំណុចដែលនាំឲ្យលោកស្រី វ៉ា រ៉ាវី មិនអាចកាន់តំណែងជាប្រធានមន្ទីរបានដោយសារការដឹកនាំ កន្លងមករបស់លោកស្រីពុំមានការយល់ ដឹងពីកិច្ចការសាសនា ខ្វះសីលធម៌ ចរិយា ធម៌ ខ្វះទំនាក់ទំនងជាមួយមេដឹកនាំសាសនា ក្នុងខេត្តបានប្រមាថ និងបង្កការលំបាកធ្វើឲ្យរាំងស្ទះនិងយឺតយ៉ាវដល់ការងារផ្សេងៗរបស់គណៈសង្ឃខេត្ត។ មិនត្រឹមតែប៉ុណ្ណោះបានថែមទាំងបង្កជម្លោះធ្វើឲ្យបែកបាក់ សាមគ្គីផ្ទៃក្នុងធ្វើឲ្យមន្ត្រីជាច្រើនសម្តែង ​ ការមិនពេញចិត្តក្នុងការដឹកនាំរបៀបផ្តាច់ការបែបនេះនោះឡើយ ។

គួររំលឹកថា លោកស្រី វ៉ា រ៉ាវី បានកាន់ តំណែងជាប្រធានស្តីទីនៃមន្ទីរធម្មការ និង សាសនាខេត្តកោះកុងបន្ទាប់ពីលោក ដួង សាវឿន ជាឪពុករបស់លោកស្រីបានចូលនិវត្តន៍កាលពីឆ្នាំ២០១៥កន្លងទៅ ហើយត្រូវបានមជ្ឈដ្ឋានទូទៅសម្តែងការមិនពេញចិត្តនិងរិះគន់ថា ការឡើងកាន់តំណែងជាប្រធានស្តីទីរបស់លោកស្រី វ៉ា រ៉ាវី ជាការ រត់ការកាន់តំណែងតត្រកូលមិនមែនជា ការឡើងកាន់តំណែងដោយសមត្ថភាព ពិតនោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖