ព័ត៌មានទាន់ហេតុការណ៍៖

ស្រាចូលខ្លួនកូនប្រុសអកតញ្ញូហ៊ានសម្លាប់ឪពុក

ចែករំលែក៖

ខេត្តក្រចេះ ៖ កូនអកតញ្ញូម្នាក់ព្រោះតែរឿងបន្តិចបន្តួចសោះពេលស្រាចូលខ្លួន ផងនោះបានយកកូនកាំបិតចាក់ឪពុកបង្កើតខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍រន្ធត់នេះបានកើតឡើងកាលពី វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៨ នៅភូមិក្រសាំង ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថា កូនអកតញ្ញូរូប នេះឈ្មោះ គឿន ផារី ភេទប្រុស អាយុ២៦ ឆ្នាំ។ ចំណែកឪពុកឈ្មោះ រិន គឿន អាយុ ៥៩ឆ្នាំ អ្នកទាំង២ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតកូន អកតញ្ញូរូបនេះបានផឹកស្រាស្រវឹង ហើយ មកដល់ផ្ទះរករឿងប្អូនថ្លៃដោយយកចម្ពាមបាញ់ប្អូនថ្លៃតែមិនត្រូវ។ ពេលនោះឪពុកឮកូនៗឈ្លោះគ្នាក៏ចេញមកមើលរួចដេញ តាមកូនអកតញ្ញូរូបនេះដល់លើផ្លូវលំរួច ចាប់បោចពិលពីលើក្បាលកូនបោកចោលទៅលើផ្លូវធ្វើឲ្យកូនអកតញ្ញូរូបនេះខឹងខ្លាំងក៏យកកូនកាំបិតចាក់ទៅលើឪពុកត្រូវភ្លៅ ជើងខាងស្ដាំបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានប្រពន្ធបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្នួល ប៉ុន្តែជាអកុសលបានដាច់ខ្យល់ ស្លាប់។ ចំណែកកូនអកតញ្ញូរូបនេះពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកចាប់ ខ្លួនកូនអកតញ្ញូរូបនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖