ព័ត៌មានទាន់ហេតុការណ៍៖

មូលហេតុផ្សេងគ្នា៖ គ្មានអ្នកទទួលខុសត្រូវអ្នកស្លាប់ដោយសារការពុលនៅខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ ៖ ករណីប្រជាពលរដ្ឋ១៣នាក់ស្លាប់នៅខេត្តក្រចេះពាក់ព័ន្ធនឹងករណីពុលក្លាយជាការបាចទឹកដាក់គ្នារកអ្នកទទួលខុស ត្រូវមិនឃើញ រីឯជនរងគ្រោះបានត្រឹមស្លាប់អសារឥតការ។ មកដល់ពេលនេះស្ថាប័នពាក់ព័ន្ធទាញយកហេតុ ផលទទួលត្រូវរៀងៗខ្លួន ដោយគ្មានអ្នក ណាខុសនោះឡើយ។

កាលពីពេលកន្លងទៅថ្មីៗនេះប្រជា ពលរដ្ឋដែលរស់នៅឃុំកន្ទួត ឃុំចិត្របុរី ខេត្តក្រចេះពុលបណ្តាលឲ្យអ្នកភូមិចំនួន ១៣នាក់ស្លាប់ជាបន្តបន្ទាប់ និងអ្នកភូមិ ចាស់ក្មេងជាង២០០នាក់ទៀតរងគ្រោះ ប៉ុន្តែត្រូវបានអាជ្ញាធរដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីសង្គ្រោះទាន់ពេលវេលា រហូតដល់បច្ចុប្បន្ននេះពុំទាន់មានអ្នកណាទទួលខុសត្រូវលើការស្លាប់ និងរងគ្រោះ របស់ប្រជាជលរដ្ឋនោះទេ ។

ពាក់ព័ន្ធនឹងករណីស្លាប់ពលរដ្ឋ១៣ នាក់ និងរងគ្រោះជាង២០០នាក់នៅខេត្ត នេះត្រូវបានក្រសួងសុខាភិបាលប្រកាសថា ដោយសារមូលហេតុនៃការពុលស្រាស ព្រោះមានជាតិមេតាណុលខ្ពស់ហួសកម្រិត ហើយទឹកព្រែក និងទឹកអូរនោះមានជាតិ គីមីពុលខ្ពស់ដែលបណ្តាលមកពីថ្នាំបាញ់ សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្លៃទី១៧ ខែឧសភា ឆ្នាំ២០១៨កន្លងទៅពាក់ព័ន្ធការពុលស្លាប់ប្រជាពលរដ្ឋក្រសួងឧស្សាហ កម្មបានរៀបចំឯកសារបញ្ជូនរបាយការណ៍ទៅកាន់សម្តេចតេជោ ហ៊ុន សែន ដើម្បី ពិនិត្យលើបញ្ហានេះ។ លោកទេសរដ្ឋមន្ត្រី បន្តទៀតថា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបញ្ជូនបេសកកម្មចម្រុះរួមមានវិទ្យាស្ថានស្តង់ដារមន្ទីរពិសោធន៍រួមសហការជាមួយអគ្គនាយកដ្ឋានទឹកស្អាត និងមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មខេត្តក្រចេះចុះស្រាវជ្រាវតាមប្រភពទឹកព្រែកទេ និងប្រភព ទឹកផ្សេងៗទៀតចាប់ផ្តើមពីដើមរហូតដល់ចុងទីវាមានជាតិពុលយ៉ាងម៉េចខ្លះដើម្បី យកមកវិភាគ?

លោកទេសរដ្ឋមន្ត្រីក្រសួងឧស្សាហ កម្មបានបន្ថែមថា មុនដំបូងនៅថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០១៨កន្លងទៅក្រៅពីប្រជា ពលរដ្ឋពុលស្រាសដោយសារមានមេតាណុលខ្ពស់ដែលគេដាក់ដើម្បីឲ្យស្រាវាខ្លាំងទើបធ្វើឲ្យអ្នកផឹកពុល ប៉ុន្តែក្រៅពីនោះ ប្រជាពលរដ្ឋគឺពុលដោយទឹកអូរតាមរយៈយកទឹកមកធ្វើអន្សមក៏ពុលទៀត។ បញ្ហា នេះក្រសួងឧស្សាហកម្ម និងសិប្បកម្មបាន រកឃើញក្នុងទឹកមានសារធាតុគីមីហ្សានីតរឹតតែប៉ះពាល់ខ្លាំងដល់គ្រឿងក្នុងមនុស្ស។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន បញ្ជាក់ថា សារធាតុហ្សានីតនេះគេប្រើ សម្រាប់តែលាងយកមាសទេទើបមន្ត្រី របស់យើងតាមប្រភពទឹករហូតដល់ខេត្ត មណ្ឌលគិរីឃើញមានកន្លែងរុករករ៉ែមាស ទាំងមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ហើយឃើញមានធុងដាក់សារធាតុគីមី ហ្សានីតនេះដោយសារការគ្រប់គ្រងកន្លែងលាងរ៉ែមាសមិនត្រឹមត្រូវពេលភ្លៀងធ្លាក់ជាតិហ្សានីតនឹងវាហូរចូលមកទឹកអូរបង្ក ឲ្យមានការពុលបែបនេះ ។

បន្ទាប់ពីមានការបកស្រាយរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មថា ករណីប្រជាពលរដ្ឋក្នុងឃុំ កន្ទួត ស្រុកចិត្របុរីពុលជាតិស្យានីតដែលគេប្រើសម្រាប់លាងយករ៉ែមាសមានក្នុង ទឹកព្រែកទេនោះលោក ស៊ុយ សែម រដ្ឋ មន្ត្រីក្រសួងរ៉ែ និងថាមពលបានប្រតិកម្ម កាលព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដោយបានច្រានចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងបានអះអាងថា ករណីពលរដ្ឋពុលនៅខេត្តក្រចេះខាងក្រសួងបរិស្ថានបានយកឈាមអ្នកស្លាប់ទៅពិនិត្យនៅប្រទេសសិង្ហបុរីគ្មានរកឃើញជាតិហ្សានីតនៅក្នុងឈាមទេ ។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានអះអាង ថា ប្រជាពលរដ្ឋដែលពុលស្លាប់គឺមកពីជាតិពុលផ្សេងហើយក្រសួងសុខាភិបាលបានពិនិត្យ និងសន្និដ្ឋានថា ពលរដ្ឋទាំងនេះ ស្លាប់ដោយសារថ្នាំពុលមេតាណុលមាននៅក្នុងស្រាស និងថ្នាំសម្លាប់សត្វល្អិត ព្រម ទាំងថ្នាំបាញ់សម្លាប់ស្មៅ ។

សូមបញ្ជាក់ថា ហេតុការណ៍សង្ស័យ ពុលស្រាស និងទឹកព្រែកទេនេះបានកើតឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំ កន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះដោយប្រជា ពលរដ្ឋរងគ្រោះមានរោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។ រហូតមកដល់ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ករណីនេះ បានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន១៣ នាក់ និងរងគ្រោះប្រមាណជាង២០០នាក់ផ្សេងទៀតត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និង មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។

គិតមកត្រឹមថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីប្រជាពលរដ្ឋពុលស្លាប់១៣នាក់ និងជាង២០០នាក់បានជួយសង្គ្រោះទាន់ពេល វេលានោះហាក់មិនទាន់មានការប្រាកដ ប្រជាណាមួយពីពុលអ្វីឲ្យពិតប្រាកដសោះ ដោយក្រសួងធំៗពាក់ព័ន្ធលើបញ្ហានេះ បានអះអាងផ្សេងៗគ្នានាំឲ្យមហាជនមិន អស់ការសង្ស័យ ។

ចំពោះប្រជាពលរដ្ឋដែលបានស្លាប់គ្មានអ្នកទទួលខុសត្រូវហើយរឿងនេះជនរងគ្រោះទទួលរងភាពអយុត្តិធម៌បំផុត ៕ ហេង សូរិយា


ចែករំលែក៖