ខេត្តក្រចេះ៖ រថយន្តយីឌុបដឹកឈើពីរគ្រឿងបានក្រឡាប់ធ្លាក់ទឹកទន្លេមេគង្គ កាលពីយប់ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ទល់នឹងភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ ដែលគេហៅថា កំពង់ចម្លងជ្រោយបន្ទាយ-ឫស្សីចារ ។ ករណីក្រឡាប់នេះនៅពេលដែលរថយន្តយីឌុបទើបតែឡើងលើស្រឡាងរៀបចេញដំណើរឆ្លងទន្លេមកផ្នែកខាងកើត ។ ហេតុការណ៍នេះ បញ្ជាក់ច្បាស់ថា បទល្មើសនៃការដឹកជញ្ជូនព្រៃឈើនៅតែបន្តកើតមានបំពានច្បាប់ដដែល បើទោះបីជារាជរដ្ឋាភិបាលថ្មីៗនេះបានដាក់បទបញ្ជាឲ្យបិទទាំងស្រុងចំពោះការដឹកជញ្ជូនឈើ ទោះទ្រង់ទ្រាយណាក៏ដោយនោះ ។ មិនតែប៉ុណ្ណោះ ច្បាប់ដែលកំណត់មិនឲ្យមានការចម្លងពេលយប់ ប៉ុន្តែម្ចាស់កំពង់ចម្លងខាងលើបែរជានៅតែគឃ្លើនដដែល ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តយីឌុប២គ្រឿងដឹកឈើចំណុះរាប់សិបតោនចេញពីភូមិសាស្ត្រស្រុកព្រៃប្រសព្វ ឆ្លងកំពង់ចម្លងឫស្សីចារ ក្នុងគោលដៅកាត់ខេត្តក្រចេះភាគខាងកើតឆ្ពោះទៅប្រទេសវៀតណាម ។ ឈើនេះត្រូវគេដឹងថា ជារបស់ក្រុមហ៊ុន ស៊ីនបាយអូធិក មកពីប្រទេសកូរ៉េ ដែលកំពុងតែកាប់បំផ្លាញព្រៃសម្បទានមួយផ្នែកក្នុងស្រុកព្រៃប្រសព្វ ខេត្តក្រចេះ និងមួយផ្នែកទៀតក្នុងខេត្តកំពង់ធំ ។
បុរសម្នាក់ឈ្មោះ ធា មេការក្រុមហុនស៊ីនបាយអូធិករបស់ប្រទេសកូរ៉េទទួលស្គាល់ថា រថយន្តយីឌុបដឹកឈើ២គ្រឿងនោះជារបស់ក្រុមហ៊ុនខ្លួន ។ លោកបាននិយាយថា ជារឿយៗការដឹកជញ្ជូនឆ្លងកាត់កំពង់ចម្លងខាងលើនេះមិនដែលមានបញ្ហាអ្វីឡើយ ។ លោកសង្ស័យថា ស្រឡាងមិនអាចទ្រទម្ងន់រថយន្តយីឌុបទាំងពីរគ្រឿងនោះ ទើបជាហេតុធ្វើឲ្យស្រឡាងក្រឡាប់ លិចរថយន្តទាំងពីរគ្រឿងមើលឃើញលឹមៗលើមាត់ច្រាំង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនខាងលើបានកាប់បំផ្លាញព្រៃឈើមួយផ្នែកក្នុងខេត្តក្រចេះ និងមួយផ្នែកទៀតក្នុងខេត្តកំពង់ធំ ។ ក្រោមលេសនៃព្រៃសម្បទាន ក្រុមហ៊ុនមួយនេះបានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងបន្តដឹកចេញជារៀងរាល់ពេល ។ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តកំពង់ធំ និងខេត្តក្រចេះក៏ទទួលបានលាភសក្ការ ឬផលប្រយោជន៍ដុំកំភួនខ្លាំងណាស់ដែរ ។ យ៉ាងណាក៏ដោយ បើតាមប្រភពពីមន្ត្រីក្រសួងកសិកម្មបានអះអាងថា រដ្ឋាភិបាលបានបញ្ចប់ទាំងស្រុងចំពោះការដឹកជញ្ជូនឈើទោះបីជាមានច្បាប់ប៉េសេក៏ដោយ ។
រហូតមកដល់ពេលនេះ គេមិនដឹងថា តើនៅក្នុងរថយន្តយីឌុបទាំងពីរគ្រឿងនោះមានឈើប្រភេទអ្វីខ្លះទេ ហើយក៏មិនដឹងអំពីចំនួនពិតប្រាកដនៅឡើយដែរ នៅគ្រាដែលមកដល់ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាសំ២០១៨ គេឃើញរថយន្តទាំងពីរគ្រឿងនៅក្នុងទឹកលឹមៗនៅឡើយ ។ ប្រភពបានឲ្យដឹងថា អ្នកបើកបររថយន្តទាំងពីរមិនទទួលរងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ ៕ ហេង សូរិយា