ព័ត៌មានទាន់ហេតុការណ៍៖

Napoli តែងតាំងលោក Carlo Ancelotti ជាអ្នកចាត់ការទូទៅថ្មី

ចែករំលែក៖

ក្លិបNapoli បានប្រកាសតែងតាំងលោក Ancelotti Carlo ជាអ្នកចាត់ការទូទៅថ្មីដើម្បីមកជំនួសតំណែងរបស់លោក Sarri ។

ក្រោយចុងកិច្ចសន្យាដឹកនាំរយៈពេល៣ឆ្នាំលោក Ancelotti Carlo អតីតគ្រូបង្វឹករបស់ក្រុម AC Milan, Real Madrid, Chelsea និង Bayern Munich រូបនេះបានសន្យាថា នឹងជួយក្រុម Napoli ឲ្យឈ្នះជើងឯកអុីតាលី Serie A ដែលពួកគេបានរង់ចាំអស់រយៈពេល២៨ឆ្នាំមកហើយ។

គ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះបានទំនេរពីការងារមួយរយៈក្រោយត្រូវ Bayern Munich បញ្ឈប់កាលពីខែកញ្ញា ឆ្នាំ២០១៧។ លើកចុងក្រោយដែលលោកដឹកនាំក្លិបអុីតាលីគឺក្នុងឆ្នាំ២០០៩ ដោយរួមរស់ជាមួយ AC Milan មុនចាកចេញទៅកាន់ Chelsea និង Real Madrid។ គាត់បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិប Napoli ថា “ខ្ញុំរីករាយខ្លាំងណាស់ដែលបានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្ញុំវិញហើយបានចូលរួមជាមួយនឹងក្រុមដ៏ធំមួយនៅក្នុងក្របខ័ណ្ឌកំពូលរបស់អុីតាលី” ។

ក្នុងពេលមកដឹកនាំក្រុមNapoliនេះកូនប្រុសឈ្មោះ Davide និងកូនប្រសាលោក Mino Fulco ក៏នឹងមកជួយលោក Ancelotti Carlo ក្នុងតួនាទីជាបុគ្គលិកបង្ហាត់ផងដែរ។

គួររំលឹកថា ក្រុមNapoli ធ្លាប់បានឈ្នះពានរង្វាន់អុីតាលី Serie A ចំនួន២សម័យក្នុងឆ្នាំ១៩៨៧ និងឆ្នាំ១៩៩០នៅពេលដែលមានវត្តមានលោក Diego Maradona វីរបុរសបាល់ទាត់អាហ្សង់ទីននៅលេងជាមួយ ៕ ដេវីត


ចែករំលែក៖