ព័ត៌មានទាន់ហេតុការណ៍៖

ស្តង់អេតចាយមួយ​កន្លែងត្រូវបានពលរដ្ឋរិះគន់ថា​កំពុងរំលោភ​យកផ្លូវសាធារណៈដាក់ឥវ៉ាន់យ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើទីតាំង​ស្តង់អេតចាយមួយ​កន្លែង​ថាបាននិងកំពុងរំលោភយកផ្លូវសាធារណៈចតរថយន្ត​ និងដាក់​ឥវ៉ាន់​បែបអនាធិបតេយ្យបង្ករឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សណ្តាប់ធ្នាប់​សាធារណៈ​ និងអ្នកធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋបានលើកថា ស្តង់អេតចាយ​ខាងលើមាន​ទីតាំង​នៅតាមបណ្តោយផ្លូវជាតិលេខ៥៧B ចំណុចខាងលិច​អធិការ​នគរបាល​ស្រុក​រតនៈមណ្ឌល​ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុក​រតនះមណ្ឌល ដោយទីតាំង​ខាងលើ​នេះបានរំលោភយក​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ធ្វើ​ជាចំណត​រថយន្ត និងដាក់​ឥវ៉ាន់ ពាសវាលពាសកាល បែប​អនាធិបតេយ្យ បង្ករឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់​សណ្តាប់ធ្នាប់ទីសាធារណៈ​ និងភាព​ភ័យខ្លាច​ដល់អ្នកធ្វើ​ដំណើរ​នៅតាមដងផ្លូវនោះផងដែរ​ ។

ពាក់ព័ន្ធទៅនឹងបញ្ហាលើកឡើងខាងលើ លោក សន និល អធិការ​នគរបាល​ស្រុក​រតនះមណ្ឌល​បានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ថា ទីតាំង​ស្តង់អេតចាយខាងលើវាពិតជាបានដាក់​ឥវ៉ាន់​ និងចតរថយន្ត​រំលោភនៅលើ​ចិញ្ចើម​ផ្លូវ​មែន ហើយរយះពេលកន្លងមក​លោកបានចាត់ឲ្យ​អធិការ​រងទទួល​បន្ទុក​ផ្នែក​សណ្តាប់ធ្នាប់ ចុះទៅ​ធ្វើ​ការ​នែរនាំដល់​ម្ចាស់​ទីតាំង​ខាងលើ​ច្រើនលើកច្រើនសា​មកហើយ ប៉ុន្តែ​ខាងគេមិន​គោរព​ និង​អនុវត្តតាមការនែរនាំ​របស់សមត្ថកិច្ចទាល់តែសោះ។​

លោកបន្តថា ទីតាំង​មួយនេះមិនត្រឹមតែ​ចតរថយន្ត និងដាក់​ឥវ៉ាន់​រំលោភនៅលើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ប៉ុណ្ណោះ​ទេ ថែមទាំងបានចាក់ទឹក​អាសុីត​ អាគុយនៅលើដងផ្លូវធ្វើឲ្យ​ជះក្លិនមិនល្អប៉ះពាល់​ទៅដល់​ផ្លូវ​ដង្ហើមរបស់បងប្អូន​ប្រជាពលរដ្ឋដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះផងដែរ ​ហើយបើសិនជាទីតាំងខាងលើនេះ​កើតមានឧបទ្ទវហេតុ ឬករណី​គ្រោះថ្នាក់​ចរាចរណ៍​អ្វី​ចៃដន្យណាមួយ​កើតឡើងនៅចំណុចនោះ ខាងលោកនឹងដាក់​បន្ទុកពីលើ​បន្ថែម​ឲ្យម្ចាស់ទីតាំង​ខាងលើ​ទទួល​រ៉ាប់រង​​ខុសត្រូវ​ទាំងអស់​ ៕ ប៊ុនថេត


ចែករំលែក៖